(ភ្នំពេញ)៖ សារសម្លេងសំខាន់មួយរបស់លោក សុន ឆ័យ និងលោក ស ឡុងដេត មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ត្រូវបានចែកចាយនៅលើ បណ្តាញសង្គម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនទាំងពីរនាក់ បានលើកឡើងថា ការចូលរួមរបស់គណបក្សដទៃ​បានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ ហើយគណបក្សភ្លើងទៀន ផ្តល់តែតួនាទីជាទីប្រឹក្សាជាន់ខ្ពស់ដល់លោក គង់ គាំ តែប៉ុណ្ណោះ។

ក្នុងនោះលោក សុន ឆ័យ បាននិយាយចំណុចសំខាន់ថា «កិច្ចសហការណ៍ជាមួយគណបក្សដទៃ​ គ្រាន់តែក្រេបយកចំណុចខ្វះខាតមកអនុវត្ត គោលនយោបាយរបស់គណបក្សភ្លើងទៀន​។ ក្នុងនោះការចូលរួមរបស់គណបក្សដទៃ​ បានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ»

ការលើកឡើងរបស់លោក សុន ឆ័យ ធ្វើឡើងកាលពីអំឡុងថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈនាយក ក្រុមការងារ និងក្រុមប្រតិបត្តិ២៥រាជធានី-ខេត្ត នៅខេត្តសៀមរាប ដឹកនាំដោយលោក ទាវ វណ្ណុល និងលោក សុន ឆ័យ។

ចំណែកសារសម្លេងមួយទៀតរបស់លោក ស ឡុងដេត បានថ្លែងអះអាងថា «ស្ថានការណ៍នយោបាយ យើងដឹងហើយថា មួយរយៈចុងក្រោយនេះ គណបក្សភ្លើងទៀនយើងមានការចូលរួមពីគណបក្សផ្សេងៗ ហើយការរួបរួមនេះមិនមានការសន្យាអ្វីទេ រាល់គណបក្សនយោបាយដែលចូលរួម គឺចូលរួមដូចសកម្មភាពរបស់យើងនៅភ្នំពេញអញ្ចឹង អ្នកមកក្រោយតាមក្រោយ។ អញ្ចឹងគណបក្សភ្លើងទៀន គឺផ្តល់តួនាទីឱ្យតែឯកឧត្តម គង់ គាំ ជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្ស ក្រៅពីនោះចូលមក ហើយ ឯកឧត្តម គង់ គាំ ត្រូវធ្វើការដើម្បីយកស្នាដៃជារៀងរហូតដល់រៀបចំកម្មវិធី»

ការអះអាងរបស់លោក ស ឡុងដេត ធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រាជធានីភ្នំពេញ។

សូមស្តាប់សម្លេងបែកធ្លាយរបស់លោក សុន ឆ័យ និងលោក ស ឡុងដេត៖