(ភ្នំពេញ)៖ គណៈកម្មការរៀបចំការ ប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា លើកទី២ ឆ្នាំ២០១៦ (Cambodia ICT Awards 2016) បានបញ្ជាក់ថា មានក្រុមហ៊ុន និងស្ថាប័នចំនួន ៣២ បានពាក្យចូលរួម​ប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2016 ដើម្បីប្រកួតប្រជែង លើវិញ្ញាសារចំនួន៦។

គណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យលើពាក្យស្នើសុំចូលរួមប្រកួតរួចមក ខ្លួនបានរឃើញបេក្ខជនចំនួន២១ ដែលជាប់វគ្គជំម្រុះ ដើម្បីឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ Cambodia ICT Awards 2016  នឹងត្រូវរៀបចំឡើង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

​លើសពីនេះ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨ព្រឹករហូតដល់ម់ោង៥ល្ងាច បេក្ខជនដែលជាប់វគ្គជម្រុះ នឹងតម្រូវឱ្យធ្វើបទបង្ហាញនៅមុខចៅក្រម នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរ​គមនា​គមន៍ ដើម្បីកាត់សេចក្តី ជ្រើសរើសជ័យលាភីប្រចាំឆ្នាំ និងជ័យលាភីតាមវិញ្ញាសារនិមួយៗ។ ហើយចាប់ពីម៉ោង៥៖៣០ល្ងាចថ្ងៃដដែល នឹងមានការប្រកាសជ័យលាភី នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។

សូមជម្រាបថា ការប្រកួត «ពានរង្វាន់ Cambodia ICT Awards 2016» រៀបចំឡើងដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីផ្តល់ឱកាស ក្នុងការជំរុញនវានុវត្តន៍ (ការស្វែងរកគំនិត​ច្នៃប្រឌិតថ្មី) ក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត លើការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុន ឯកជន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យ ICT នៅកម្ពុជា។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ Cambodia ICT Awards 2016 នេះ អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជា Media Sponsors ដើម្បីផ្សព្វផ្សាយកម្មវិធីនេះ ឲ្យបានទូលំទូលាយ​ផងដែរ៕