(ភ្នំពេញ)៖ ថៅកែរោងចក្រ «ហៃស៊ីង» បានថយរថយន្ដកិនកម្មករស្លាប់ម្នាក់ ហើយដឹកសពចេញបាត់ ក្នុងគោលបំណងលាក់បាំងពីសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងរោងចក្រ «ហៃស៊ីង» មានទីតាំងនៅផ្ទះលេខ១៤៩ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ថៅកែរោងចក្របានថយរថយន្ដបុកកម្មករម្នាក់ឈ្មោះ យឹម សុភ័ក្រ អាយុ៣៣ឆ្នាំ ផ្ទប់នឹងជញ្ជាំងរងរបួសធ្ងន់ ហើយបានបញ្ជូន​ទៅ​មន្ទីពេទ្យ តែមិនទាន់ដល់ផង ក៏បានដាច់ខ្យល់ស្លាប់។ បើតាមសមត្ថកិច្ចខណ្ឌឬស្សីកែវ បានឱ្យដឹងថា ពេលដែលសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ តែថៅកែរោងចក្របិទទ្វារមិនឱ្យចូលនោះទេ ក្នុងគោលបំណងលាក់បាំងព័ត៌មាន ហើយបានព្យាយាមដឹកសពចេញទៅបាត់។

សូមបញ្ជាក់ថា សពរបស់ជនរងគ្រោះ ត្រូវបានបញ្ជូនទៅខេត្តកែវ ដែលជាស្រុកកំណើតប្រពន្ធ ដើម្បីធ្វើបុណ្យតាម​ប្រពៃ​ណី៕