(ព្រះសីហនុ)៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី សមាជិក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានដង្ហែរអង្គកឋិនទានសាមគ្គីទៅកាន់វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។

លោក គួច ចំរើន បានឱ្យដឹងថា ពិធីបុណ្យដង្ហែរអង្គកឋិនទានសាមគ្គីនេះ ជាការផ្តួចផ្តើមដើម្បីប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តគិរីជលសារ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយបច្ច័យដែលប្រមូលបានពីអង្គកឋិនទានយកទៅកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តគិរីជលសារ កោះរ៉ុងផងដែរ។

បុណ្យកឋិនទាន គឺជាបុណ្យប្រពៃណីខ្មែរដែលមានកាលវេលាច្បាស់លាស់មិនមែនចេះតែធ្វើបានគ្រប់ពេល វេលានោះទេ បុណ្យកឋិនទានក្នុងន័យជួយផ្គត់ ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនីមួយៗ ហើយក្នុងមួយវត្តអាចដង្ហែបុណ្យអង្គកឋិនទានចូលបានតែម្តងប៉ុណ្ណោះ ក្នុងមួយរដូវកាល។

លោក គួច ចំរើន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ដែលបានមានសទ្ធាជ្រះថ្លារួមគ្នាបង្កើតឱ្យមានបុណ្យកឋិនទានថ្ងៃនេះ ដែលបានបង្ហាញឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នា ឯកភាព ក្រោមដំបូលសុខសន្តិភាព របស់រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សូមបញ្ជាក់ថា បច្ច័យដែលទទួលបានពីអង្គកឋិនទានរបស់រដ្ឋបាលខេត្តព្រះសីហនុ មានចំនួន ៣៤៣,៣៨៤,៥០០រៀល និង ៥១៦,០៩២ដុល្លារ សរុបជាលុយដុល្លាទាំងអស់ស្មើនឹង ៥៩៩,៨៦៨ដុល្លារ៕