(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាលើជំនួយទឹកប្រាក់២,៩លានដុល្លារអាមេរិក ដែលជំនួយទាំងនេះ ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់សម្រាប់ជួយដល់គម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ពិធីចុះហត្ថលេខានបេះ ត្រូវបានធ្វើដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅឯទីស្តីការក្រសួងការបរទេសកម្ពុជា ព្រឹកមិញ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា ការចុះហត្ថលេខាថ្ងៃនេះ មិនត្រឹមតែបង្ហាញឱ្យឃើញអំពីការបន្តគាំទ្រ និងជំនួយឧបត្ថម្ភ របស់រដ្ឋាភិបាលជប៉ុនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងតម្រូវការ នៃការកែលម្អសមត្ថភាព ធនធានមនុស្ស ដែលជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៤របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានគូសបញ្ជាក់ផងដែរ នូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូរយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ២០១៣៕