(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគារអន្ដេវាសិកដ្ឋាន ទីចាត់ការ បណ្ណាល័យ និងសមិទ្ធផលនានា នៅវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ពិធីនេះក៏មានការចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង អាជ្ញាធរស្រុកបាណន់ មន្រ្តីរាជការ កងម្លាំង ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូបចូលរួមផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសាលារៀនឱ្យបានទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើផលប្រយោជន៍សាធារណៈ។

សម្ដេចក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងសប្បុរសជនដែលរួមកម្លាំងសាមគ្គីគ្នាជាមួយប្រជាពលរដ្ឋ បរិច្ចាគធនធាន គាំទ្រដំណើរការកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាននេះឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានបន្តថា បន្ទាប់ពីបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាពហើយនោះ ខ្មាំងសត្រូវនាពេលបច្ចុប្បន្នរបស់ជនរួមជាតិ យ៉ាងហោចណាស់មានបី គឺទី១៖ ភាពល្ងិតល្ងង់ ឬអវិជ្ជា, ទី២៖ ភាពក្រីក្រ និងទី៣៖ គឺខ្លួនឯង ដោយសម្ដេចបន្ថែមថា «ចង់ប្រឆាំងគេឈ្នះ ចង់វាយគេឱ្យឈ្នះ ត្រូវឈ្នះភាពឆេវឆាវ និងចិត្តអំណួតខ្លួនឯងសិន ចិត្តលោភលន់ មើលងាយមើលថោកអ្នកដទៃ នោះហើយជាខ្មាំងសត្រូវរបស់យើង»

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះគោលនយោបាយអាទិភាព៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ ព្រមទាំងឈានទៅប្រកួតប្រជែងសមត្ថភាពធនធានមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចក៏បានថ្លែងអំពីវឌ្ឍនភាព នៃការអនុវត្តសាកល្បងការផ្ទេរការគ្រប់គ្រងសាលាបឋម និងមត្តេយ្យសិក្សាមកឱ្យរដ្ឋបាលក្រុង ស្រុកជាអ្នកគ្រប់គ្រងផងដែរ៕