(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា បានដាក់ឱ្យអនុវត្តគម្រោងស្តីពី «ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព IKI SCP Asia» និងការដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវស្តីពី «ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ២០២២-២០៣៥»

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា និងបណ្ឌិត Ulf D.Jaeckel ប្រធានការិយាល័យការសម្របខ្លួនរបស់អឺរ៉ុប និងអន្តរជាតិ ចំពោះការប្រែប្រួលអាកាសធាតុ របស់ក្រសួងបរិស្ថាន អភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងកិច្ចការពារអ្នកប្រើប្រាស់ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។

ការរៀបចំផែនទីបង្ហាញផ្លូវស្តីពីការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២២-២០៣៥ ជាលទ្ធផលនៃកិច្ចសហការ និងការគាំទ្រមូលនិធិពីកម្មវិធី «ការផ្តួចផ្តើមដើម្បីអាកាសធាតុអន្តរជាតិ» របស់ក្រសួងបរិស្ថាន ការអភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងការពារអ្នកប្រើប្រាស់ (BMUV) នៃសហព័ន្ធអាល្លឺម៉ង់ និងអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន។ ផែនទីបង្ហាញផ្លូវ និងគម្រោង «ប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព» ដែលបានដាក់ឱ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ មានគោលបំណងរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះ ដោយជំរុញការអនុវត្ត ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP) តាមរយៈអន្តរាគមន៍បន្ថែមនានា ដែលធ្វើឡើងក្រោមកិច្ចសហការជាមួយស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន កសិករ អ្នកស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល។

លោក ទិន ពន្លក បានថ្លែថា៖ «ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP) គឺជាផ្នែកសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមបៃតងរយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលមានក្នុងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិស្តីពី ការអភិវឌ្ឍបៃតងឆ្នាំ២០១៣-២០៣០»

លោកបានគូសបញ្ជាក់ថា គម្រោង «ប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព» ដែលបានដាក់ដំណើរការជាផ្លូវការ ជាមួយផែនទីបង្ហាញផ្លូវស្តីពី ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា ឆ្នាំ២០២២-២០៣៥ បានបង្ហាញពីការចូលរួម និងគាំទ្រលើការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតង។ នេះក៏ជាឱកាសផ្សព្វផ្សាយបន្ថែមអំពីគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមចំណែកពីគ្រប់វិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងសុខុមាលភាពសង្គមរបស់កម្ពុជាដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងគុណភាពបរិស្ថាន និងធនធានធម្មជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបន្ថែមថា៖ «ខ្ញុំក៏សូមសំណូមពរផងដែរ ដល់តួអង្គពាក់ព័ន្ធសំខាន់ៗរួមមានក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ផលិតករ អង្គការសង្គមស៊ីវិល និងជាពិសេសសហគមន៍ ចូលរួមគាំទ្រការអនុវត្តគម្រោង SCP នេះ ដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព»

គម្រោង «ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព IKI SCP Asia» ដំណាក់កាល២ នឹងកៀរគរការចូលរួមពីភាគីពាក់ព័ន្ធ និងផ្តោតលើការជំរុញតំបន់ផលិតកម្មនៅក្នុងខេត្តមណ្ឌលគីរី និងទីប្រជុំជនសំខាន់ៗរួមទាំងរាជធានីភ្នំពេញ អោយអនុវត្តលើការផ្សារភ្ជាប់ទំនាក់ទំនងរវាង ផលិតកម្មដែលមាននិរន្តភាពទៅនឹងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ដើម្បីកែប្រែឥរិយាបថ ដែលមានចំពោះប្រព័ន្ធចំណីអាហារក្នុងវិស័យ កសិកម្ម និងបរិស្ថាន ពីសំណាក់តួអង្គពាក់ព័ន្ធដូចជា ផ្នែកផលិតកម្ម ផ្នែកទីផ្សារ និងអ្នកប្រើប្រាស់។

បើតាមលោក សេង ទៀក បានគូសបញ្ជាក់ថា៖ «យើងមានក្តីសោមនស្សក្នុងការចូលរួមជាចំណែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបៃតង ដោយផ្សារភ្ជាប់នឹងការការពារបរិស្ថាននិងធម្មជាតិ។ តាមរយៈគម្រោង និងផែនទីបង្ហាញផ្លូវដែលដាក់អោយប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ យើងរំពឹងថា នឹងជំរុញផលិតកម្មដែលមាននិរន្តរភាព ស្របនឹងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ក្នុងប្រព័ន្ធចំណីអាហារក្នុងវិស័យកសិកម្ម ដោយផ្តល់នូវការអនុវត្តបទដ្ឋាននិរន្តរភាពរាប់ចាប់ពីខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្ម រហូតដល់ការប្រើប្រាស់ចុងក្រោយ រវាងតួអង្គសំខាន់ៗដូចជាសហគមន៍មូលដ្ឋាន អ្នកផលិត អ្នកលក់រាយ អ្នកប្រើប្រាស់ ស្ថាប័នរដ្ឋាភិបាល និងឯកជនជាដើម»

បណ្ឌិត Ulf D.Jaeckel បានលើកឡើងថា៖ «ក្រសួងកិច្ចសហប្រតិបត្តិការបរិស្ថាន ការអភិរក្សធម្មជាតិ សុវត្ថិភាពនុយក្លេអ៊ែរ និងកិច្ចការពារអ្នកប្រើប្រាស់ នៃរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ មានមោទនភាពក្នុងការគាំទ្រគម្រោងនេះនៅប្រទេសកម្ពុជា និងថៃ តាមរយៈភាពជាដៃគូរបស់យើងជាមួយនឹងអង្គការ WWF អាល្លឺម៉ង់ ដោយឃើញថា គម្រោងនេះពិតជាមានសារៈសំខាន់ ក្នុងការដើរតួនាទីវាស់វែងភាពធន់ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ»

គម្រោងនេះអនុវត្តស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការចូលរួមចំណែកលើកកម្ពស់ការអនុម័តនៅក្នុងក្របខ័ណ្ឌពហុភាគី និងកិច្ចព្រមព្រៀងនៃ «និរន្តរភាពប្រព័ន្ធចំណីអាហារ» ស្របតាមយន្តការអភិបាលកិច្ចបរិយាប័ន្ន ជាសកល លើកកម្ពស់ចំណេះដឹង និងការយល់ដឹងរបស់អ្នកប្រើប្រាស់នៅទីក្រុងអំពីទំនាក់ទំនងរវាងជម្រើសនៃការប្រើប្រាស់និងផលប៉ះពាល់បរិស្ថាន ព្រមទាំងផ្តល់ឱកាសនិងមធ្យោបាយជំរុញការផ្លាស់ប្តូរឥរិយាបថ លើកទឹកចិត្តអាជីវកម្មគំរូដែលប្រកបដោយនវានុវត្តន៍និងយុទ្ធសាស្រ្តសហការដើម្បីបញ្រ្ជាប វិធានការរបស់ ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព (SCP) ព្រមទាំងផ្តល់ចំណេះដឹង និងព័ត៌មានអំពីគំរូនៃការអនុវត្តល្អៗ ដល់តួអង្គសំខាន់ៗក្នុងខ្សែសង្វាក់តម្លៃ និងអ្នកពាក់ព័ន្ធផ្សេងទៀត លើការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព៕