(កណ្តាល)៖ ដោយមានការផ្តួចផ្តើមរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល, លោក រស់ ភីរុណ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយជ្រំ​ និងសហការី​ ព្រមទាំងក្រុមប្រឹក្សាឃុំស្វាយជ្រំ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានមូលមតិគ្នាជាឯកច្ឆន្ធប្រារព្ធពិធីអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំ ព្រះវស្សាអស់កាលត្រីមាស វត្តស្វាយជ្រំ សម្រាប់កសាងបង្ហើយឧបដ្ឋានសាលា (សាលាឆាន់) មួយខ្នង ដែលមានបណ្តោយ ៤៣ម៉ែត្រ និងទទឹង ២២ម៉ែត្រ និងសមិទ្ធផលនានានៅក្នុងវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សូមបញ្ជាក់ថា អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលរយៈពេលធ្វើ​បុណ្យ​កឋិនទាននេះមាន២៩ថ្ងៃ ហើយក្នុងវត្តនីមួយៗ បានដង្ហែអង្គកឋិនទាន បានម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ចីវរ និងសង្ឃដី ក្រៅពីនេះគឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀត សម្រាប់នាំមកវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗ សម្រាប់ប្រើប្រាស់កសាងសមិទ្ធិផលនានាក្នុងទីអារាម។

បន្ថែមពីនេះទៀត ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធា ជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូន ជីតា ញាតិកាទាំងប្រាំពីសណ្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខចំរុងចំរើនជារៀងរហូតទៅ៕