(ភ្នំពេញ)៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្តីពីជោគជ័យនៃបណ្តឹងបរិហារកេរ្តិ៍ នៅតុលាការបារាំងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៉ី បានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ប្រាកដមែន។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានអះអាងថា ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្ដេចតេជោ ជាជោគជ័យសមស្របតាមបំណងប្រាថ្នាចង់បានបំផុត របស់សម្តេចតេជោ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី។

ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន កត់សម្គាល់ឃើញថា នៅក្នុងសំអាងហេតុ នៃសាលក្រមរបស់ខ្លួនតុលាការបារាំង បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ចំពោះ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានលោក ហុក ឡងឌី ជាជនរងគ្រោះ ជាការថ្លែងដោយពុំមានភស្តុតាង ឬឯកសារបញ្ជាក់ច្បាស់លាស់ ដែលអាចឲ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ សម រង្ស៉ី ត្រូវបានតុលាការកំណត់ថា ជាការបរិហារកេរ្តិ៍ចំពោះ សម្តេចតេជោ ហើយដែលសូម្បីតែជនជាប់ចោទ សម រង្ស៉ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន សង្កេតឃើញថា នៅក្នុងសំអាងហេតុដដែលនោះ តុលាការបារាំងបានពិចារណា លើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា សម រង្សី ពិតជាបានថ្លែងចោទប្រកាន់ទម្លាក់កំហុសដោយមិនត្រឹមត្រូវ ចំពោះសម្តេចតេជោ យ៉ាងពិតប្រាកដ។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើធ្វើការចោទប្រកាន់ ខាងព្រហ្មទណ្ឌចំពោះ សម រង្ស៉ី ទំនងជាប៉ះពាល់ដល់វិសមាមាត្រ នៃសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ រវាងដើមបណ្តឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទដែលពុំមានអំណាច ដែលសិទ្ធិសេរីភាពនេះត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុប ស្ដីពីសិទ្ធិមនុស្ស។ ដោយមូលហេតុនេះ តុលាការបានអនុគ្រោះឲ្យ សម រង្ស៉ី រួចផុតពីបទចោទ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានសាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការទាមទារសំណងរបស់ សម រង្ស៉ី ចំពោះរាល់ការចំណាយលើរឿងក្តីនេះ។ ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីត្បិតតែ សម រង្ស៉ី ត្រូវបានតុលាការអនុគ្រោះទោស ក៏ប៉ុន្តែ សម រង្ស៉ី ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានទទួលស្គាល់ថា ពាក្យពេចន៍របស់ សម រង្ស៉ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយ សម រង្ស៉ី ត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់៕