(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត អភិបាលរងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចគ្រប់ និងអាជ្ញាធរពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចខណ្ឌឫស្សីកែវ ត្រូវបន្តរួមសហការឲ្យបានហ្មឺងម៉ាត់បំផុត ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង និងកុងស៊ីបញ្ចាំខុសច្បាប់ ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាឲ្យតំបន់មួយនេះ កាន់តែមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ក្នុងនោះ លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ បានជម្រាបជូនអំពីរបាយការណ៍សង្ខេប នៃវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាផែនការអនុវត្តនៅអនុសាសន៍ណែនាំក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងហាងបញ្ចាំ ឬកុងស៊ីបញ្ចាំខុសច្បាប់ ក្នុងដែនដីខណ្ឌឬស្សីកែវ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅសាលាខណ្ឌឫស្សីកែវ។

លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់អំពីសកម្មភាពរបស់មន្ត្រីក្នុងការធ្វើជំរឿនប្រជាពលរដ្ឋ ក៏ដូចជាចំនួនប្រជាពលរដ្ឋដែលបានប្រកបមុខរបរកសិកម្ម ពាណិជ្ជកម្ម និងអ្នកប្រកបមុខរបរផ្សេងៗទៀត ដោយបានត្រួតពិនិត្យទាំងផ្លូវច្បាប់ និងជំរុញឲ្យមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅការណែនាំពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាបាននូវអនាម័យ បរិស្ថាន គុណភាព និង សុខភាពអ្នកប្រើប្រាស់ ជាពិសេសបានណែនាំ ដល់សមត្ថកិច្ចពាក់ព័ន្ធអនុវត្តឲ្យបានម៉ឺងម៉ាត់នៅវិធានការបង្ក្រាបល្បែងស៊ីសង ក៏ដូចជាហាងបញ្ចាំខុសច្បាប់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នេះឲ្យបានល្អ ធានាដល់ការរស់នៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្ដល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។

ថ្មីៗនេះ សមត្ថកិច្ចពាក់ព័ន្ធបានចុះបង្ក្រាបល្បែងស៊ីសងឆ្នោតឡូតូ ឆ្នោតវៀតណាម ល្បែងអេឡិចត្រូនិច និងបានធ្វើកិច្ចសន្យា ជាមួយភាគីពាក់ព័ន្ធបានចំនួន៥០កន្លែង និងហាងបញ្ចាំចំនួន១១ទីតាំង ព្រមទាំងបើកយុទ្ធនាការ ក៏ដូចជាចុះត្រួតពិនិត្យ ការពារទប់ស្កាត់ក្មេងទំនើង ក្នុងមូលដ្ឋានឲ្យបានយ៉ាងល្អប្រសើរផងដែរ។

ក្នុងឱកាសនោះ លោក ឃ្លាំង ហួត បានថ្លែងដោយលើកឡើងពីការមើលឃើញ ពីកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខណ្ឌ ក៏ដូចជាមន្ត្រីក្រោមឱវាទ ក្នុងការធ្វើឲ្យប្រសើរឡើងថែមទៀតនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោក ឃ្លាំង ហួត ក៏បានសង្កត់ធ្ងន់អំពីអនុសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ ដែលបានទទួលនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លើការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាហាងបញ្ចាំនៅក្នុងដែនដីរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត។

លោក ឃ្លាំង ហួត បានជំរុញឲ្យគណៈអភិបាលខណ្ឌឫស្សីកែវ ត្រូវយករឿងនេះជាបញ្ហាគោល ក្នុងការអនុវត្តឲ្យបានជាពិសេស គឺត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ព្រោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។ លោកចាត់ទុកល្បែងស៊ីសងខុសច្បាប់ គឺបាននាំមកនូវអស្ថេរភាពសង្គម ហើយទីតាំងបញ្ចាំខុសច្បាប់គឺជាកន្លែងដែលផ្តល់នូវប្រភពហិរញ្ញវត្ថុ ដែលបង្កើតឲ្យមានល្បែងខុសច្បាប់ អំពើចោរកម្ម និងការប្រើប្រាស់គ្រឿងញៀន។

ក្រោយពេលដែលអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធាន ការដ៏ក្តៅគគុកនេះកន្លងមក គឺសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញអំពើចោរកម្ម អំពើលួច ឆក់ ប្លន់ គឺមិនមានសកម្មភាពកើតឡើងនោះទេ។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានសម្ដែងនូវការសាទរ ចំពោះសកម្មភាព នៃយុទ្ធនាការដ៏មានសារសំខាន់មួយនេះ ហើយប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរ បន្តសកម្មភាពនេះដូចភ្លៀងរលឹមដើម្បីឲ្យប្រាកដថា រាជធានីភ្នំពេញគ្មានល្បែងស៊ីសងខុសច្បាប់ និងគ្មានហាងបញ្ចាំ ដែលធ្វើការរកស៊ីលើកកម្លាំងញើសឈាម និងគំនរទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះតទៅទៀត។

ដើម្បីឲ្យការងារនេះកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ លោកអភិបាលរងរាជធានីភ្នំពេញ ជំរុញឲ្យគណៈបញ្ជាការឯកភាពខណ្ឌយកបញ្ហានេះ ធ្វើជាប្រធានបទក្នុងការអនុវត្តតួនាទី ភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន និងមានរបាយការណ៍ជាប្រចាំជូនទៅថ្នាក់លើ ដើម្បីឲ្យបានដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តនូវអនុសាសន៍ណែនាំរបស់អភិបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ សរុបចំនួន១,៣៣៨ទីតាំង ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសកុងស៊ីបញ្ចាំខុសច្បាប់ សរុបចំនួន៧៤ទីតាំង៕