(ភ្នំពេញ)៖ លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញ ទាំងសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាកសាំងកូវីដ-១៩ ដល់មន្រ្តីការទូតអាល្លឺម៉ង់ទាំងអ​ស់ និងប្រជាជនអាល្លឺម៉ង់ដែលកំពុងរស់នៅកម្ពុជាដោយឥតគិតថ្លៃ។

ការថ្លែងដូច្នេះរបស់លោក Stefan Anton Messerer ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង
នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល។

លោក Stefan Anton Messerer ក៏បានថ្លែងបន្ដថា អាល្លឺម៉ង់បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យសុខាភិបាលផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ការរឹតចំណងមិត្តភាព និងសាមគ្គីភា​ព ជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជា-អាល្លឺម៉ង់។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានសម្ដែងការអបអរសាទរចំពោះ លោក Stefan Anton Messerer ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីអាល្លឺម៉ង់ ចំពោះកិច្ចសហការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈ នៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាលតាំងពីឆ្នាំ១៩៩៤ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) រួមមាន៖

១៖ ហិរញ្ញប្បទានសហប្រតិបត្តិការ ដូចជា៖ គម្រោងផ្គត់ផ្គង់ឱសថសារវ័ន្ត គម្រោងសុខភាពបន្តពូជ គម្រោងគាំពារសុខភាពសង្គម ហើយបាននិងកំពង់ចូលរួមចំណែកក្នុងគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ដំណាក់កាលទី១ និងទី២ និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា

២៖ ជំនួយបច្ចេកទេស ដូចជា៖ ការអភិវឌ្ឍន៍ធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល គម្រោងគាំពារសុខភាពសង្គម និងគម្រោងសុខភាពមាតានិងទារក៕