(ពោធិ៍សាត់)៖ យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត ស្តីពីការបង្កើត គណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំព្រឹត្តិការណ៍ ពិធីបុណ្យអុំទូកនៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២ខាងមុខ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យទទួលបានជោគជ័យនោះ អនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានប្រើប្រាស់កម្លាំងសរុប៣០០នាក់ មាន៣គោលដៅ ក្នុងនោះA មាន១២គោលដៅ, B មាន៤គោលដៅ និងC មាន១គោលដៅ។​

នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក ចេង ឡៃ អភិបាលខេត្តស្តីទី និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនគរបាលខេត្ត ទទួលផែនការសេនាធិការ បានឱ្យដឹងថា ដើម្បីឱ្យការងារ ទទួលបានលទ្ធផលល្អប្រសើរនោះ យើងបានបង្កើតគណៈបញ្ជាការដឹកនាំរួម ចំនួន២៤រូប ដែលមានលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តជាប្រធាន។ កម្លាំងសម្រាប់ប្រើប្រាស់ដែលមានចំនួន៣០០នាក់ ក្នុងនោះនគរបាលខេត្តចំនួន២២០នាក់ និងអធិការដ្ឋាននគរបាលស្រុក ក្រុង ចំនួន៨០នាក់ នេះមិនទាន់រាប់បញ្ចូលកម្លាំងកងរាជអាវុធហត្ថខេត្តនៅឡើយ។

កម្លាំងនេះមានភារកិច្ច និងការទទួលខុសត្រូវគោលដៅ A មាន១២ គឺចំណុចផ្លូវលេខ១០១ នៅសារមន្ទីរ កាច់ជ្រុងផ្លូវស្លាមាស ផ្លូវកាច់ជ្រុងរោងភាពយន្តចាស់ ផ្លូវកាច់ជ្រុងមហាវិទ្យាល័យបៃតង ផ្លូវខាងជើងតុលាការ ផ្លូវកាច់ជ្រុងខាងត្បូងផ្សារ ផ្លូវកាច់ជ្រុងខាងជើងផ្សារ ផ្លូវកាច់ជ្រុងប្រៃសនីយ៍ ផ្លូវកាច់ជ្រុងរតនាគារ ផ្លូវខាងកើតស្ពានថ្មថ្មី ផ្លូវមុខមន្ទីររៀបចំដែនដី នគរុបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងកាច់ជ្រុងផ្លូវស្រុកប្រតិបត្តិសំពៅមាស។ គោលដៅ B ត្រៀមរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង និងរៀបចំសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរទាំងរថយន្ត ម៉ូតូ និងថ្មើរជើង ការពារជុំវិញវេទិកា និងតាមដងផ្លូវនានា។ ចំពោះគោលដៅ C គឺជាទីបញ្ជាកាស្រាល ស្ថិតនៅបរិវេណមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។

លោក ចេង ឡៃ អភិបាលខេត្តស្តីទី និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា លោក លោកស្រីដែលមានសមាសភាពក្នុងជួរអនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ មានភារកិច្ចការពារ ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស ត្រៀមមធ្យោបាយសម្រាប់ជួយសង្គ្រោះ អុចកាំជ្រូចរយៈ៣យប់ រៀបចំកន្លែងចតទូក «ង» កន្លែងស្នាក់នៅរបស់កីឡាករ និងលើកគម្រោងចំណាយក្នុងអនុគណៈកម្មការ។

លោកសូមឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីដែលមានការពាក់ព័ន្ធ ត្រូវមានកិច្ចសហការល្អ ជាពិសេសរដ្ឋបាលក្រុង ក្នុងការរក្សាអនាម័យឱ្យមានសោភណ្ឌភាព បរិស្ថានល្អ បង្ការបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ដូចជាចោរលួច ចោរប្លន់ ក្មេងទំនើងជាដើម សំដៅធ្វើយ៉ាងណាឱ្យបរិយាកាស ពិធីបុណ្យអុំទូកនៅក្នុងខេត្តពោធិ៍សាត់យើងនាឆ្នាំនេះ កាន់តែមានភាពសប្បាយរីករាយ និងបានការគាំទ្រពីមហាជន ទាំងក្នុង និងក្រៅខេត្ត៕