(បាត់ដំបង)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំព្រះសង្ឃ ​នាំយកចីពរ ២៦៨លាង ប្រគេនចំពោះព្រះសង្ឃ ១៣៤អង្គ នៅវត្តពោធិ៍ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាឱកាសបុណ្យកឋិនទាន។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាថា ការប្រគេនចីពរ និងបច្ច័យនាពេលនេះដើម្បីរួមចំណែកតិចតួច ជាមួយ​​ព្រះសង្ឃនៅវត្តពោធិ៍ ក៏ដូចជាការ​ជួយលើកស្ទួយជីវភាពរបស់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃ បានបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធ​នៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនា និងបន្ត​គ្រប់គ្រង​កសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្ត រួមទាំងជួយបន្តដឹកនាំវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

បើតាមព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ទីវត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជន ដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូសម​នឹងទស្សនៈ​ដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និងសង្គមជាតិ ដូចនេះការជួយដល់ទីវត្តអារាម ក៏ជាការ ជួយដល់ក៏ជាការជួយដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលផងដែរ។

ព្រះសាសនសោភ័ណ មានសង្ឃដីកា បន្តថាប្រគេនចីពរ និងបច្ច័យ ដែលបានប្រគេនដល់ព្រះសង្ឃនាឱកាសនេះ គឺជាការចូលរួមរបស់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រៅប្រទេស ដែលបានចូលរួមជាមួយព្រះអង្គ តាមរយៈមូលនិធិមនុស្សធម៌ ដើម្បីសាសនា និងសង្គម និងតាមរយៈញាតិញោមប្រគេន ក្នុងកម្មវិធីទេសនា និងផ្សព្វផ្សាយព្រះធម៌តាមរយៈវិទ្យុសុវណ្ណារ៉ា FM 88.30 MHz រាជធានីភ្នំពេញ។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានមានសង្ឃដីកាបន្ថែមទៀតថា ទឹកចិត្តរបស់ញាតិញោម ជាការរួមចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ជាពិសេសវត្តអារាម ដែលនៅក្នុងតំបន់ដាច់ស្រយាលដែលមានការខ្វះខាត ដើម្បីជួយដល់វត្តអារាម ដែលជាកន្លែងផ្សព្វផ្សាយព្រះធម៌ និងអប់រំចិត្តមនុស្ស​ឱ្យបានល្អប្រសើរ។ ព្រះអង្គក៏បានប្រគេនពរ បវរសួស្តីមហាប្រសើរដល់សប្បុរសជនទាំងអស់ជួបតែ និងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ដែរ អំណោយរបស់ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ប្រគេនជូនព្រះសង្ឃ ១៣៤អង្គ ក្នុងមួយអង្គទទួលបានចីពរ ២លាង និងបច្ច័យបួនចំនួន ២០,០០០រៀល៕