(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញនូវការយល់ឃើញមួយជុំវិញ សេចក្ដីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី។

លោក ហ៊ុន ម៉ានី តាមរយៈ Facebook ផ្លូវការ បានអះអាងថា សេចក្ដីសម្រេចរបស់តុលាការទីក្រុងប៉ារីសនេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមាសសុទ្ធ ដែលមិនខ្លាចការប្រឈម ជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ ហើយលោកក៏បានចូលរួមអបអរសាទរជាមួយនឹងសេចក្ដីសម្រេចមួយនេះផងដែរ។

លោក ហ៊ុន ម៉ានី បានរៀបរាប់នូវខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

«មាសសុទ្ធមិនខ្លាចភ្លើង! 

សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» ដែលចេញផ្សាយជាផ្លូវការនាព្រឹកនេះ គឺជាការផ្តល់នូវភាពស្អាតស្អំ និងភាពយុត្តិធម៌បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរងនូវការចោទប្រកាន់ពីជនអគតិ ដែលតែងតែរិះរកវិធីសាស្ត្រក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសថ្នាក់ដឹកនាំកម្ពុជា។

ទន្ទឹមនឹងការចូលរួមអបអរសាទរជាមួយនឹងសេចក្តីសម្រេចនេះ ខ្ញុំសូមកត់សម្គាល់ផងដែរថា ទង្វើប៉ុនប៉ងដោយចេតនា ក្នុងការចោទប្រកាន់ដោយគ្មានភស្តុតាង និងបំភ្លៃការពិត ដែលនាំអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺតែងត្រូវបានបង្កឡើងជាបន្តបន្ទាប់ដោយមេដឹកនាំ និងសកម្មជនក្រុមប្រឆាំង។ តែយ៉ាងណាក្តី ទង្វើទាំងនោះតែងបរាជ័យ ដោយសារ «មាសសុទ្ធមិនខ្លាចភ្លើង»។ តាមរយៈសេចក្តីសម្រេចនាពេលនេះ ជាអាទិ៍ គឺជាសក្ខីភាពមួយដែលបញ្ជាក់ថាសម្តេចតេជោ ជាមាសសុទ្ធ ដែលមិនខ្លាចការប្រឈមជាមួយសកម្មភាពចោទប្រកាន់អគិតណាមួយឡើយ។

ការប៉ុនប៉ងទាំងនេះ ពិតណាស់មិនអាចកែប្រែតថភាពប្រវត្តិសាស្រ្តរបស់កម្ពុជានោះឡើយ ជាពិសេសចំពោះតួនាទី និងគំរូវីរភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលធ្លាប់ឆ្លងកាត់សង្រ្គាមចំនួន ១០៥ សមរភូមិ រំដោះប្រទេសជាតិបានយ៉ាងជោគជ័យពីរបបខ្មែរក្រហមដ៏ខ្មៅងងឹត និងជាវីរជនស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ឆ្នាំ១៩៩៨។

រឹងរិតតែមិនអាចបំភ្លៃបាននោះ គឺស្នាដៃសម្តេចនាយករដ្ឋមន្រ្តី ក្នុងការការពារបូរណភាពទឹកដីចេញពីការឈ្លានពានរបស់ប្រទេសជិតខាងកាលឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ និងជាពិសេស ស្នាដៃដ៏គួរជាទីមោទនៈក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នាពេលថ្មីៗនេះ ក្រោមការដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ រួមផ្សំនឹងគោលនយោបាយដ៏មានប្រសិទ្ធភាព ជាពិសេសគោលនយោបាយគាំពារសង្គម ដែលផ្តល់អត្ថប្រយោជន៍ជាពិសេសដល់ជនក្រីក្រ។

សម្រាប់បុគ្គលណា ដែលតាំងខ្លួនថាជាអ្នកនយោបាយ ឬអ្នកវិភាគនយោបាយ តែមិនខ្វាយខ្វល់តាមដាន ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលកំពុងបន្តទទួលរងផលប៉ះពាល់ដោយជំងឺ CoVID19 បញ្ហាអតិផរណា ដែលកើតចេញពីសង្គ្រាម Ukraine-Russia និងផលអវិជ្ជមានជារួមចេញពីទណ្ឌកម្មសេដ្ឋកិច្ច (Economic sanctions) នានានោះ គឺទុកឲ្យទៅតាមហ្នឹងចុះ។

ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋខ្មែរ បង្វែរមកមើលការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលតែងតែនៅជាមួយប្រជាជន បន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដែលប៉ះពាល់ជីវភាពរបស់ប្រជាជន តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ដែលមានលក្ខណៈសក្តិសមជាគណបក្សកាន់អំណាច ក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង និងជាប្រចាំ។ នេះជាភាពខុសគ្នា រវាងអ្នកដឹកនាំប្រទេស និងអ្នកតាំងខ្លួន»។

គួរជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចាត់ទុកថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីសប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី»នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ដោយសារតែសម្តេចចង់បានតែការសម្រេចប៉ុណ្ណឹងប៉ុណ្ណោះ។

ជាមួយនឹងការប្រកាសទទួលយកសេចក្តីសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងមិនមានការប្តឹងទៅសាលាឧទ្ធរណ៍នោះទេ ហើយអះអាងថា ប្រសិនបើ លោក សម រង្ស៉ី ប្តឹងទៅសាលាឧទ្ធរណ៍នោះ សម្តេចនឹងកំដរតតាំងក្តីជាមួយ មេក្រុមប្រឆាំងក្រៅច្បាប់នេះដល់ទីបញ្ចប់៕