(ស្វាយរៀង)៖ លោក ហែម ស៊ីណា អភិបាលស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវផ្តល់ស្នាមញញឹមដល់អ្នកជំងឺ និងព្យាបាលដោយក្រមសីលធម៌ និងវិជ្ជាជីវៈដោយគ្មានការរើសអើង។

សាររបស់លោកអភិបាលស្រុករំដួល ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងបានប្រគេនពរ និងជូនពរព្រះសង្ឃប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល ចំនួន៤០អង្គនាក់។ ក្នុងនោះក៏មានការចូលរួមពី លោកវេជ្ជបណ្ឌិត ជា សាភ័ណ្ឌ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប, លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល, លោកវេជ្ជបណ្ឌិត ពុធ ពៅសុជាតិ អនុប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងគ្រូពេទ្យជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកបានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពការងារ និងគុណភាព នៃការពិនិត្យព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យដែលប្រសិទ្ធនាមថា «ជាកងទ័ពអាវសជួរមុខ» ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដង្កាត់ផ្សេងៗ និងជំងឺឆ្លងសកលកន្លងមក ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ក្រុមគ្រូពេទ្យបានដាក់វេនប្រចាំការ ដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋ ក៏ដូចជាព្យាបាលជំងឺទូទៅបានយ៉ាងល្អ។

លោកបានបន្តថា មានសុខភាពល្អអាចធ្វើកិច្ចការងារអ្វីៗបានទាំងអស់ ទាំងសេដ្ឋកិច្ច គ្រួសារ និងសង្គមជាតិ កាលណាសុខភាពទ្រុឌទ្រោមការងារអ្វី គឺត្រូវបាត់បង់ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ត្រូវការកត្តាពីរសំខាន់ គឺសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ដែលសុខភាពទាំងពីរនេះ មិនអាចខ្វះមួយណាបាននោះឡើយ។

លោកអភិបាលស្រុក បានបញ្ជាក់ថា សេដ្ឋកិច្ចគ្រួសាររីកចម្រើន សង្គមជាតិក៏រីកចម្រើនដែរ ជាក់ស្ដែងនៅក្នុងខេត្តស្វាយរៀង មានវិស័យវិនិយោគបានបណ្ដាក់ទុនរកស៊ី ដោយមានរោងចក្រ សហគ្រាសជាច្រើនកន្លែង អាចស្រូបយកកម្មករនិយោជិកប្រមាណជិត១០ម៉ឺននាក់ កំពុងបម្រើការងារ និងទាញយកសេដ្ឋកិច្ចពីរោងចក្រ ដោយចំណូលជាមធ្យមក្នុងមួយខែប្រមាណជាង២០លានដុល្លារ ដែលធ្វើឲ្យគ្រួសារនីមួយៗ មានជីវភាពសមរម្យផងដែរ។

ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដាស់តឿនដល់ក្រុមគ្រូពេពេទ្យ ត្រូវចេះអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសរបស់ខ្លួនឲ្យបានជាប្រចាំ ត្រូវមានសុខភាពល្អមាំមួន មានប្រជាប្រិយភាព មានចំណេះដឹងផ្នែក IT (ឧស្សាហកម្មវេជ្ជសាស្ត្រ) ប្រឹងប្រែងធ្វើការងារឲ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ គិលានសង្រ្គោះ ត្រូវត្រៀមប្រតិបត្តិការ និងយាមប្រចាំការ២៤ម៉ោង/២៤ម៉ោង។

បន្ថែមលើសពីនេះ លោក ហែម សុីណា ក៏បានគាំទ្រ និងសន្យាផ្តល់ដីសម្បទានរបស់សាលាស្រុក ជូនមន្ទីរពេទ្យសម្រាប់កសាងឡដុតកាកសំណល់វេជ្ជសាស្ត្រ និងបានជួយជំរុញ និងគាំទ្រការបញ្ចុះតម្លៃសេវាហិរញ្ញប្បទានរបស់មន្ទីរពេទ្យ១០-២០% ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងបានចូលរួមលើកកម្ពស់សុខមាលភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអទិភាពមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ៕