(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក និងលិចលង់ដោយសារទឹកជំនន់ចំនួន ២៥០គ្រួសារ នៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

លើកឡើងនាឱកាសនោះលោក សាយ គឹមឡម បានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុតដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយ​ជ្រោមជ្រែងពីអាជ្ញាធរនោះឡើយ។

លោក សាយ គឹមឡម ក៏បានណែនាំឲ្យប្រជាពលរដ្ឋត្រូវបង្ការកុំឲ្យមានឧបទ្ទវហេតុអគ្គភ័យកើតឡើងលើគ្រួសារណាមួយជាពិសេសត្រូវត្រួតពិនិត្យ​ខ្សែចំលងចរន្តអគ្គិសនី​ឲ្យបានទៀងទាត់ ហើយយកចិត្តទុកដាក់គោរពច្បាប់ ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនចៀសវៀងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

លើសពីនេះទៀត លោកក៏បានជំរុញឲ្យអាជ្ញាធរឃុំត្រូវចុះស្រង់ស្ថិតិស្រែស្រូវ ដីចម្ការ ដំណាំ ដែលបានលិចលង់ខូចដោយទឹកជំនន់​ឲ្យបានជាក់ស្តែង ជាពិសេសស្រែចម្ការ​ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការធ្វើស្រែ និងដាំដុះស្តារឡើងវិញ ក្នុងពេលដែលទឹកស្រកក្នុងពេលឆាប់ៗនេះ។

លោក សាយ គឹមឡម ក៏បានអំពាវវាយដល់ប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិសេសត្រូវចូលរួម​ក្នុងការលុបបំបាត់​ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋានដោយផ្តើម ចេញពីយើងទាំងអស់គ្នានិងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំ​ដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់។ ជាមួយគ្នានេះ ត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ២៥០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេសផងដែរ៕