(ភ្នំពេញ)៖ គណៈកម្មការវេទិកាស្ត្រីពិការភាព នៃសមាគមតន្ត្រីសំនៀងជនពិការ បានរៀបចំពិធីសំណេះសំណាលជាមួយនឹងស្ត្រីមានពិការភាព ដែលបានសម្រាលកូនរួចសម្រាប់ឆ្នាំ២០២១-២០២២ ក្រោមអធិបតីភាព លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងកិច្ចការនារី ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ និងលោកឧកញ៉ា ស៉ី ហ៊ូហ៊ុយ និងលោកស្រី។

ពិធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សមាជិកសមាជិកា កូនៗតូចរបស់ជនមានពិការភាព នៃសមាគមន្ត្រីសំនៀងជនពិការ ចំនួន ៨៦នាក់ នៅមជ្ឈមណ្ឌលសិល្បៈសិប្បកម្មខ្មែរវត្តភ្នំ។

កញ្ញា ក្រឹម ឡុង អនុប្រធានសមាគម ទទួលបន្ទុកផ្នែកគណៈកម្មការវេទិកាស្ត្រីពីការភាព បានថ្លែងនូវរបាយការណ៍បានលើកឡើងថា គណៈកម្មកាវេទិការស្រ្តីមានពិការភាពបង្កើតឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញអំពី លោកស្រី ញ៉ែម មរកត និងលោក ចាប តូ ប្រធានសមាគម ក្នុងគោលបំណងដើម្បីផ្ដល់ឱកាសលើកកម្ពស់សិទ្ធិ សុខមាលភាព មុខរបរ អប់រំ និងជីវភាពការរស់នៅរបស់ស្ត្រីមានពិការភាព ព្រមទាំងជំរុញឲ្យយកកូនៗរបស់ពួកគាត់ បានចូលរៀននៅសាលារដ្ឋ ឬឯកជន។

គណៈកម្មាធិការវេទិកាស្រ្តីមានរចនាសម្ព័ន្ធថា្នក់ដឹកនាំ មានតំណាងក្រុម និងសមាជិកស្រ្តី ដែលសុទ្ធតែពិការភ្នែកសរុប ២៨៤ នាក់។ គណៈកម្មាធិការវេទិកាស្រ្តី បានធ្វើការទៅលើវិស័យចំនួនប្រាំ មានដូចជា វិស័យអប់រំ
វិស័យសុខាភិបាល វិស័យការងារ វិស័យសេដ្ឋកិច្ច និងវិស័យច្បាប់ ក្នុងគោលបំណងលើកកម្ពស់សិទ្ធ និងលុបបំបាត់អំពើហិង្សាលើស្រ្តីមានពិការភាព ជួយជំរុញលើកទឹកចិត្តដល់ស្រ្តីមានពិការភាពចូលរួមវគ្គបណ្ដុះបណ្ដាល ផ្នែកផ្សេងៗ ឲ្យមានការងារ មានមុខរបរ និងជីវភាពសមរម្យ។

កន្លងមកនេះ គណៈកម្មាធិការវេទិកាស្រ្តី រួមជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ គណៈកម្មការវេទិការស្រ្ដីពិការភាពនៃសមាគមតន្រ្ដីសំនៀងជនពិការ បានបើកវគ្គបណ្ដុះបណ្ដាលជាច្រើនទៀតដូចជាការអប់រំសុខភាពបន្តពូជ ចម្រៀង ភ្លេង ពិធីករ ពិធីការនី ម៉ាស្សាជាដើម។ល។

លោក ចាប តូ ជាជនពិការភ្នែកទាំងសងខាង និងជាប្រធានសមាគម បានលើកឡើងថា សមាគមតន្ត្រីសំនៀងជនពិការបានបង្កើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ដែលបានចុះបញ្ជីការនៃក្រសួងមហាផ្ទៃកន្លងមក។ សមាគមបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំណែកដី និង អគាររថយន្តក្រុង ផ្លូវបេតុង១ខ្សែ ឧបករណ៍តន្រ្តី១ឈុត គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រីព្រះវរមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាតក្រហមកម្ពុជា និង សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ថ្លែងនៅក្នុងឱកាសនោះផងដែរ លោកស្រី ញ៉ែម មរកត បាននាំប្រសាសន៍ផ្ដាំផ្ញើនិងសាកសួរសុខទុក្ខ អំពីលោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ លោកស្រីថា កន្លងមកក្រសួងកិច្ចការនារី តែងតែចូលរួមគាំទ្រលើវិស័យពីការភាពគ្រប់ប្រភេទ ពិសេសស្ត្រីមានពិការភាពនិងកុមារីពិការភាព មិនទុកជនមានពីការភាពនៅឯកោរឡើយ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឲ្យវិស័យពីការភាពនៅក្នុងប្រទេសកាន់តែរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជនមានពិការភាពនិងស្ត្រីមានពិការភាព តែងតែបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកឱកាសការងារអប់រំគ្រប់កម្រិតសិក្សាមុខរបរ ធ្វើឲ្យស្ត្រីមានពិការភាពមានជីវភាពកាន់តែល្អប្រសើរ ស្ត្រីមានពិការភាពបានចូលរួមកីឡាសិល្បៈសាសនា។ល។និង។ល។

លោកស្រីបន្ថែមទៀតផងដែរថា ស្ត្រីមានពិការភាពត្រូវពពោះ ៩ ខែ ១០ ថ្ងៃ សូមមេត្តាទៅពិនិត្យសុខភាពកូន ឱ្យទៀងទាត់ជារៀងរខែ តាមការណាត់របស់លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ។ កន្លងមកស្ត្រីមានពិការភាពបានសម្រាលកូនរួច ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដែលមិនត្រូវបានបង់ប្រាក់ឡើយ ដោយសមាគមបានរៀបចំស្នើសុំធ្វើប័ណ្ណមូលនិធិសមធម៌សុខាភិបាលបេឡាជាតិរបបសន្តិសុខសង្គម (បបស) និងធ្វើអត្តសញ្ញាណកម្មក្រីក្រ និងស្ត្រីមានពិការភាព ទទួលបាននូវកិច្ចគាំពារសង្គមចាប់ផ្ដើមមានផ្ទៃពោះទៅពិនិត្យសុខភាពរហូតដល់សម្រាលកូនរួចទទួលបានថវិការយៈពេលពីរឆ្នាំ ចំនួន ១៥ ដង សរុបថវិកាចំនួន ៧៦ ម៉ឺនរៀល។

លោកស្រីបានលើកឡើងបន្ថែមថា កន្លងមកសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចំពោះកូនក្មួយជនដែលមានពិការភាព លោកតែងតែសន្តោសប្រណី និងស្រឡាញ់កូនៗទុកក្នុងបេះដូងរបស់សម្ដេចទាំងទ្វេ។

ក្នុងឱកាសនេះលោកឧកញ៉ា សៀ ហ៊ូហ៊ុយ បានចូលរួមចំណែកឧបត្ថម្ភថវិកាដល់គណៈកម្មការវេទិកាស្ត្រីពិការភាព ដើម្បីរៀបចំនៅកញ្ចប់ឃីត ដល់ស្ត្រីមានពិការភាពក្នុងម្នាក់មួយឃីត ដោយចំណាយថវិកាចំនួន ១០០ ដុល្លារ ហើយកន្លងមកនេះ លោកឧកញ៉ាបានចូលរួមឧបត្ថម្ភកញ្ចប់ឃីត ដល់ស្ត្រីពិការភ្នែកសម្រាលកូនរួចចំនួន ២១ នាក់ សរុបថវិកាចំនួន ២១០០ ដុល្លារ នៅក្នុងឆ្នាំ ២០២១ ឆ្នាំ ២០២២ លោក ឧកញ៉ាព្រមទាំងក្រុមគ្រួសារ បានចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាលលើវិស័យពីការ​ភាព ដើម្បីជួយសម្រាលបន្ទុកស្ត្រីមានពិការភាព។

លោកឧកញ៉ាបានផ្ដាំផ្ញើដល់ស្ត្រីមានពីការភាព រួមមាន៖

* ទី១៖ សូមឱ្យអនាម័យសុខភាព រស់នៅស្អាត ហូបស្អាត ផឹកស្អាត
* ទី២៖ បីបាច់ថែរក្សាកូន ឲ្យកូនទទួលបាននូវឱកាសសិក្សារៀនសូត្រនៅសាលារដ្ឋ ឬសាលាឯកជនតាមលទ្ធភាពដែលខ្លួនមាន
* ទី៣៖ ស្រ្តីមានពិការភាពពេលដែលកូនបញ្ចប់ការសិក្សាកូនៗ និងជួយឪពុកម្ដាយដែលមានពិការភាពឲ្យកាន់តែមានជីវភាពល្អប្រសើរ។

ក្នុងនោះផងដែរលោកឧកញ៉ា ស៉ី ហ៊ូហុយ បានឧបត្ថម្ភថវិកាដល់ជនមានពិការភាពចំនួន ៨០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៦០០០០ រៀល និងឧបត្ថម្ភ ថវិកាបង់ថ្លៃភ្លើងដល់សមាគមចំនួន ១៤៣០០០០ រៀលសរុបថវិកាចំនួន ៦.៥៩០,០០០ រៀល និងកន្លងមកបានឧបត្ថមដល់ស្ត្រីមានពិការភាពសម្រាលកូនរួចចំនួន ២១ នាក់ សរុបជាថវិកាចំនួន ២១០០ ដុល្លារ៕