(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ដោយមានការចិត្តទុកដាក់គិតគូរ និងការណែនាំពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឲ្យលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ជាតំណាងចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនមជ្ឈមណ្ឌលឱកាសខ្ញុំ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដើម្បីចូលរួមជួយសម្រាលការលំបាកដល់អ្នកដែល កំពុងព្យាបាលបន្សាបគ្រឿងញៀន ចំនួន១,៨១៣នាក់ (ស្រី១៩២នាក់)។

នាឱកាសនោះ ក្នុងនាមលោក ឃួង ស្រេង, លោក ជិន ប៊ុនធឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក ក្មួយៗដែលកំពុងព្យាបាលបន្សាបគ្រឿងញៀនទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ព្រមទាំងលើកឡើងពីផលពិបាកនៃគ្រឿងញៀន គឺបានបំផ្លាញដល់ខ្លួនឯងផ្ទាល់ គ្រួសារ សង្គមជាតិ និងសូមអំពាវនាវដល់អ្នកទាំងអស់ ដែលព្យាបាលបន្សាបឆាប់ជាសះស្បើយ ហើយពេលត្រឡប់ទៅវិញ ត្រូវធ្វើជាមនុស្សល្អក្នុងសង្គម និងណែនាំដល់អ្នកផ្សេងទៀតចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន។

ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានបន្តចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ស្ថិតក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងមានជនចាស់ជរា ជនគ្មានទីពឹង ជនពិការ ជនអនាថា ជនវិបល្លាសស្មារតី ស្ត្រីរងគ្រោះដោយអំពើជួញដូរ ស្នាក់នៅបណ្តោះអាសន្នសរុបចំនួន២៣៥នាក់ (ស្រី៥០នាក់)។

ទន្ទឹមនឹងការនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក លោកតា លោកយាយ បងប្អូនដែលរស់នៅក្នុងមណ្ឌលទាំងអស់ លោក ជិន ប៊ុនធឿន សូមថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក មណ្ឌលទាំងអស់ ដែលបានខិតខំប្រឹងប្រែងកែប្រែរៀបចំមណ្ឌលនេះ ឲ្យមានសោភ័ណភាព អនាម័យបរិស្ថានល្អ និងខិតខំបណ្តុះបណ្តាលបង្ហាត់បង្រៀនពីជំនាញវិជ្ជាជីវៈផ្សេងៗ ជូនដល់បងប្អូន ដេីម្បីពេលពួកគាត់ចេញពីមណ្ឌលទៅអាចប្រកបមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតបាន។

ជំនួសមុខឲ្យមណ្ឌលទាំងពីរលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខ ការផ្គត់ផ្គង់ ការទំនុកបម្រុង ជាពិសេសការផ្តល់ឱកាសដល់ប្អូនៗក្មួយៗរងគ្រោះទាំងអស់ ឲ្យបានទទួលការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗបន្ថែម ដេីម្បីបានក្លាយខ្លួនជាពលរដ្ឋល្អប្រកបមុខរបរទៅតាមជំនាញនីមួយៗ ដែលជួយលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិទាំងមូល។

អំណោយដែលលោក ឃួង ស្រេង ចាត់តំណាងនាំមកផ្តល់នាពេលនេះ រួមមាន៖ អង្គរចំនួន៥០បាវ, មីចំនួន៥០កេស, ទឹកត្រីចំនួន២៥យួរ, ទឹកស៉ីអ៉ីវចំនួន២៥យួរ, ទឹកដោះគោចំនួន៣០០កំប៉ុង, សៀងចំនួន១០គីឡូក្រាម និងទឹកក្រូចចំនួន៣០កេស៕