(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាស់តឿនក្រើន រំលឹកដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាននូវអនុសាសន៍៣កុំ។

ការដាស់តឿនក្រើនគ្រាលោកអភិបាលខណ្ឌ ជួបសំណេះសំណាល និងចែកអំណោយដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង៥០នាក់ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅបរិវេណសាលាខណ្ឌច្បារអំពៅ។

ថ្លែងទៅកាន់កម្លាំងសណ្តាប់ខណ្ឌ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យ (៣កុំ) ដូច្នេះថា៖

*ទី១៖ កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ
*ទី២៖ កុំសេពគ្រឿងញៀន
*ទី៣៖ ឈ្លោះទាស់ទែងគ្នា។

លោកបានណែនាំកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត «៣កុំ» ឲ្យបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀនគឺខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ។

មួយទៀតកុំឈ្លោះទាស់ទែងគ្នាវាមិនល្អទេ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។ និយាយរួម ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។ ជាមួយគ្នានេះ អភិបាលខណ្ឌ បានកោតសសើរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន៕