(ភ្នំពេញ)៖ នាព្រឹកទី១១ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ សម្រេចលើស្ប៉តវីដេអូអប់រំ ចំនួន ៥រឿង និងវីដេអូចម្រៀងកាយវិការ ចំនួន ៣បទ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បន្ទាប់ពីបានពិនិត្យវីដេអូ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចឱ្យអង្គភាពជំនាញធ្វើការកែសម្រួលខ្លឹមសារមួយចំនួន ហើយបានឯកភាពជាគោលការណ៍ឱ្យផ្សព្វផ្សាយតាមដំណាក់កាលស្របតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ចំណងជើងវីដេអូ ដែលនឹងត្រូវផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គមទាំងនោះរួមមាន៖

១៖ ស្ប៉តវីដេអូអប់រំ៖
* រឿងទី១ «យុវជនឆ្លាតវៃ ចុះឈ្មោះបោះឆ្នោត»
* រឿងទី២ «មើលឈ្មោះហើយឬនៅ?»
* រឿងទី៣ «ការផ្ទេរឈ្មោះបោះឆ្នោតទៅឃុំ សង្កាត់ថ្មី»
* រឿងទី៤ «បញ្ជីបោះឆ្នោតដំបូងបិទផ្សាយហើយ»
* រឿងទី៥ «ឯកសារសម្រាប់ផ្ទៀងផ្ទាត់ជាមួយបញ្ជីបោះឆ្នោតដំបូង»។

២. ចម្រៀងកាយវិការ៖
* បទចម្រៀងទី១ «សូមអញ្ជើញពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១»
* បទចម្រៀងទី២ «ហេតុអ្វីត្រូវចុះឈ្មោះបោះឆ្នោត? »
* បទចម្រៀងទី៣ «បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បិទផ្សាយហើយ»។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕