(ភ្នំពេញ)៖ ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ គ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលានេះថា ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ ហើយគម្រោងនេះតាមការការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនេះ ត្រូវឲ្យរួចរាល់នៅថ្ងៃទី០៥ វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់គម្រោងនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនៅលើផ្លូវនេះ តែពេលយប់ប៉ុណ្ណោះ ពោលគឺចាប់អនុវត្តពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ ដើម្បីកុំឲ្យកកស្ទះចរាចររំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយបងដែរ ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ផ្លូវតំបន់នេះ យោគយល់អធ្យាស្រ័យ ចំពោះការរំខានក្នុងដំណើរការការដ្ឋាននេះ៕