(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយតំណាងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងតំណាងអង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) លើ «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧»

ពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិជាង ៨០រូប។

ថ្លែងក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារ កម្ពុជាបានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗ ក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងៗ។

លោករដ្ឋមន្ត្រី បន្តថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ និងបានបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងស្វែងរកទីផ្សារនាំចេញថ្មីៗ ជាពិសេសតាមរយៈការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដោយចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា បេសកកម្មនេះ គឺដើរស្របតាមផែនការជាយុទ្ធសាស្រ្ត និងផែនការសកម្មភាព កំណត់ក្រោម «យុទ្ធសាស្រ្តអភិវឌ្បន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អង្គការអន្តរជាតិខាងការងារស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាន នូវអនុស្សរណៈនៃការយោគយល់គ្នានេះ។

សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៧» គឺជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងស្នូលក្នុងបន្តការសហការគ្នាសំដៅធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករ នយោជិក ក្នុងវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងកាបូប តាមរយៈការអនុវត្តតាមច្បាប់ការងារ និងច្បាប់ពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជា បទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ ជាពិសេសលើសុវត្ថិភាព និងសុខាមាលភាពការងារ៕