(កំពង់ចាម)៖ បន្ទាប់ពីពិធីប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ បានបញ្ចប់នៅវេលាម៉ោង១៧៖០០ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ គណៈអធិបតីបានរៀបចំពិធីប្រគល់ពានរង្វាន់ដល់ទូក «ង» និងទូកខ្នាតអន្តរជាតិ ដែលទទួលបានជ័យលាភីចាប់ចំណាត់ថ្នាក់លេខ១ ដល់ចំណាត់ថ្នាក់លេខ៣។

បើតាមគណៈកម្មការរៀបចំការប្រណាំងទូក ឲ្យដឹងថា ប្រភេទទូកខ្នាតអន្តរជាតិផែនលេខ ១ បានទៅលើទូកឈ្មោះ «រំចេកសែនជ័យ» និងទូកផែនលេខ ២ បានទៅលើទូកឈ្មោះ «រាជសីសែនជ័យ» និងទូកផែនលេខ ៣ បានទៅលើទូកឈ្មោះ «អាស្រមទួលចារ ខេមរាសែនជ័យបារមីកីឡាករ»។

ចំណែកប្រភេទទូកវែង ផែនលេខ ១ បានទៅលើទូកឈ្មោះ «កៀនជ្រៃស្រីស្រស់» និងទូកផែនលេខ ២ បានទៅលើទូកឈ្មោះ «ដីដុះសែនជ័យបារមីព្រះអង្គខ្មៅ» និងទូកផែនលេខ ៣ បានទៅលើទូកឈ្មោះ «រកាខ្នុរសែនជ័យសិរីឧត្តម»។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា លទ្ធផលរបស់ទូកដែលទទួលជ័យលាភី លេខ១ (ទូកខ្នាតអន្តរជាតិ) ទទួលបាននូវពានមួយ ថវិកា ២ លានរៀល, ជ័យលាភីលេខ ២ បានពានមួយ ថវិកា ១ លានប្រាំសែនរៀល និងជ័យលាភីលេខ ៣ បានពានមួយថវិកា ១លានរៀល។ ចំពោះគ្រឿងឧបភោគបរិភោគ ក្នុង១ទូកៗ ទទួលបាន អង្ករ ៥០គីឡូក្រាម មីចំនួន ៣កេសតូច ទឹកក្រូចចំនួន ៣កេស ទឹកសុទ្ធចំនួន ១០យួរ ចេកអំបូងលឿង ១កេស និងស្រាបៀរចំនួន ៣កេស ទឹកប្រទាលកន្ទុយក្រពើ ១កេសដូចៗគ្នា។

ចំណែកឯ ទូកខ្នាតវែង ជ័យលាភីលេខ ១ ទទួលបាននូវពានមួយ ថវិកា ២លានរៀល, ជ័យលាភីលេខ ២ បានពានមួយ ថវិកា ១លានប្រាំសែនរៀល និងជ័យលាភីលេខ ៣ ទទួលបានពានមួយថវិកា ១លានរៀល ចំពោះគ្រឿងឧបភោគបរិភោគ ក្នុង ១ទូកៗ ទទួលបាន អង្ករ ១០០ គីឡូក្រាម មីចំនួន ៥ កេសតូច ទឹកក្រូចចំនួន ៥ កេស ទឹកសុទ្ធចំនួន ២០ យួរ ចេកអំបូងលឿង ២កេស និងស្រាបៀរចំនួន ៥ កេស ទឹកប្រទាលកន្ទុយក្រពើ ២ កេស ដូចៗគ្នាផងដែរ។

ដោយឡែកចំពោះទូក ដែលមិនទទួលបានជ័យលាភី ត្រូវបានទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្តក្នុង ១ទូក ថវិកា ៧០ម៉ឺនរៀល បូករួមទាំងគ្រឿងឧបភោគបរិភោគ ដូចៗគ្នា ផងដែរ៕