(ភ្នំពេញ)៖ ផ្ដើមចេញពីការគិតគូរដល់ការកសាងធនធានមនុស្ស និងការអប់រំដល់យុវជននិងកុមារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់អនុសាសន៍ដល់ក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមគ្នាគិតគូរលើការអប់រំដល់យុវជន និងកុមារដែលចំណាកស្រុកក្នុងប្រទេស ក៏ដូចជាកុមារដែលតាមឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២​ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំទៅកាន់រដ្ឋមន្ត្រីក្រសួងចំនួន២ មានក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀតត្រូវរួមគ្នាគិតគូរផ្តល់ការអប់រំដល់យុវជននិងកុមារដែលចំណាកស្រុកធ្វើការក្នុងប្រទេស និងនៅប្រទេសថៃ។

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្នុងចំណោមប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្តដទៃ ក៏ដូចជាទៅធ្វើការនៅប្រទេសថៃ គឺមួយចំនួនបានផ្ញើកូននៅជាមួយជីដូនជីតា ឬសាច់ញាត់ ដើម្បីឱ្យពួកគេបន្តការសិក្សារៀនសូត្រនៅឯស្រុកកំណើត ប៉ុន្តែមួយចំនួនបានយកកូនទៅជាមួយជាប់តាមខ្លួន ដែលជាហេតុបណ្ដាលឱ្យក្មេងៗទាំងនោះខកខាននូវការរៀនសូត្រ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ត្រូវរកវិធីរៀបចំឱ្យក្មេងៗបានរៀន នៅសាលាដែលនៅជិតការដ្ឋានឪពុកម្ដាយរបស់ពួកគេធ្វើការនោះ ហើយប្រសិនបើមានការផ្ទេរការដ្ឋានទៅកន្លែងផ្សេង ក៏ត្រូវផ្ទេរឈ្មោះពីសាលាមួយទៅសាលាមួយទៀតជូនពួកគេផងដែរ។ ត្រូវសហការជាមួយបណ្ដាការដ្ឋានសំណង់ ការដ្ឋានការងារផ្សេង និងជាមួយសាលាដែលនៅជិតការដ្ឋានទាំងនោះ។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង ក៏ត្រូវគិតគូរទៅលើការអបរំដល់កុមារដែលទៅតាមឪពុកម្ដាយនៅប្រទេសថៃផងដែរ ពោលត្រូវរៀបចំឱ្យពួកគេបានរៀនសូត្រនៅប្រទេសថៃ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ប្រសិនបើរាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះពួកគេនោះទេ នោះនឹងអាចមានកុមារដែលមិនចេះអក្សរ និងភ្លេចអក្សរ ដូច្នេះក្រសួង/ស្ថាប័នដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលត្រូវរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យអ្នកណាម្នាក់នៅក្រៅចរន្តនៃការអប់រំនោះឡើយ៕