(ស៊ីដនី)៖ ប៉ូលិសនៃប្រទេសដីកោះ ប៉ាពួ ញូហ្គីណេ ស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី បានធ្វើការ បាញ់បង្ក្រាបក្រុមនិស្សិតមកពីសកលវិទ្យាល័យមួយក្នុងរដ្ឋធានី Port Moresby ដែលពួកគេបាន ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំង ឲ្យលោកនាយករដ្ឋមន្ត្រី Peter O'Neill លាលែងចេញពីតំណែង ក្រោយពីមាន ការចោទប្រកាន់រឿង អំពើពុករលួយជាច្រើនករណី។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

លទ្ធផលនៃការបង្ក្រាបដ៏សាហាវឃោឃៅនោះ បានបណ្តាលឲ្យនិស្សិត ៤នាក់ស្លាប់នៅហ្នឹងកន្លែង កើតហេតុនិងជិត ២០នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ប្រជាជាតិស្ថិតនៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ បានទទួលរងនូវវិបត្តិ នយោបាយយ៉ាងដំណំ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែនាយករដ្ឋមន្ត្រីរបស់ខ្លួន ត្រូវបានសាធារណជនចោទប្រកាន់ ថាបានប្រព្រឹត្តអំពើពុករលួយ។

រូបភាព និងវីដេអូជាច្រើនផងដែរ ត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គម ដោយក្រុមនិស្សិត ត្រូវបាន អាជ្ញាធរបាញ់បង្ក្រាបដោយឧស្ម័នបង្ហូរទឹកភ្នែក និង កាំភ្លើងគំរាម។ និស្សិតបានកើនឡើងរាប់ពាន់នាក់ ដើម្បីប្រឆាំងទៅនឹង ការកៀបសង្កត់ផ្នែកនយោបាយទៅដល់មហាជនដែលងើបឡើងប្រឆាំង ជាហេតុនាំឲ្យការតវ៉ាជាច្រើនទំរង់ កើតឡើងនៅប្រទេសដីកោះមួយនេះ៕