(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាបានផលិតនាឡិកាក្នុងស្រុកម៉ាកអាស៊ាន ចំនួន២៥គ្រឿង សម្រាប់ចែកជូនមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) និងកិច្ចសន្ទនាសាកលអាស៊ាន (ASEAN Global Dialogue) លើកទី២។

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ ក្នុងនោះដែរ កម្ពុជាក៏នឹងរៀបចំកិច្ចសន្ទនាសាកលអាស៊ានលើកទី២ ផងដែរ។

ថ្លែងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងផលិតនាឡិកា រហូតទៅដល់ ២៥គ្រឿង សម្រាប់ថ្នាក់ដឹកនាំកំពូលនិងស្ថាប័នកំពូល​ផងដែរ។ ដាក់ម៉ាកអាស៊ានតែម្តង​ ប៉ុន្តែដាក់ថា Made in Cambodia (ផលិតនៅកម្ពុជា) ឲ្យគេដឹងថា ខ្មែរបច្ចុប្បន្ននេះអាចផលិតនាឡិកា។ ខ្ញុំនឹងចែកជាកាដូ ចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ហើយថ្ងៃនោះខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្តង»

សម្តេចតេជោបានបន្តថា កម្ពុជាបានអញ្ជើញទាំងប្រធានធនាគារពិភពលោក (WB) អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រធានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (European Council) ប្រធានអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) មកចូលរួមនឹងកិច្ចសន្ទនាសាកល (ASEAN Global Dialogue) លើកទី២ ។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ។

ដោយសារការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប​ អកអំបុក និងសំពះព្រះខែ ដោយសម្តេចតេជោថ្លែងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកមិនមែនដោយសាររាជរដ្ឋាភិបាលអត់លុយទេ តែដោយសារភាពមមាញឹកនៃកិច្ចប្រជុំកំពូលអាស៊ាននេះតែម្តង។

សម្តេចតេជោបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត ដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយ និងខេត្តមួយចំនួនទៀតកំពុងត្រៀមរៀបចំផងដែរ។

សម្តេចតេជោបានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មានភាពមមាញឹកខ្លាំងណាស់ ដែលមានថ្នាក់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំអន្តរជាតិជាច្រើន មកចូលរួមដូច្នេះនាំឲ្យមានការបិទផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវអន្តរជាតិ។ ជាមួយគ្នានេះ សម្តេចតេជោសូមការយោគយល់ និងខន្តីអភ័យទោស ពីប្រជាពលរដ្ឋ ចំពោះការបិទផ្លូវ និងការស្ទះចរាចរណ៍។

សម្តេចតេជោបញ្ជាក់ថា នៅពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាលបានកំណត់យកសណ្ឋាគារសុខា ភ្នំពេញ ដែលមានប្រមាណ៧០០បន្ទប់ សម្រាប់ជាទីតាំងរៀបចំកិច្ចប្រជុំ ហើយសម្តេចរួមទាំងប្រតិភូមកម្ពុជា នឹងសម្រាកនៅក្នុងសណ្ឋាគារផ្ទាល់តែម្តង ដើម្បីងាយស្រួលក្នុងការដឹកនាំកិច្ចប្រជុំ។

ក្នុងឱកានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យរក្សាសន្តិសុខជូនថ្នាក់ដឹកនាំ ដែលមកចូលរួមប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឲ្យបានខ្ពស់បំផុត ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស៕