(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានអះអាងថា មាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងពីការបង្កើតរាជរដ្ឋាភិបាល មិនមែនចែងពីការដកហូតតំណែង សមាជិករាជរដ្ឋាភិបាលនោះទេ។

ការចេញមកបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោយពីមានការវិភាគជុំវិញការដកតំណែងរបស់លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាខុសនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា១១៩ថ្មី។

មាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរ នៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ដ្រ នៃគណបក្សដែលឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនេះ នាំសហការីដែលជាតំណាងរាស្ដ្រ ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភា ដែលផ្គូរផ្គង់ឲ្យកាន់តំណែងផ្សេងៗ ក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្ដ្រីទាំងមូល។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេថាខ្ញុំដករដ្ឋមន្ដ្រីក្រសួងកសិកម្មត្រឹមត្រូវហើយ ប៉ុន្ដែខុសរដ្ឋធម្មនុញ្ញ ខុសនឹងមាត្រា១១៩ ថ្មីនៃរដ្ឋធម្មនុញ្ញ ក្នុងពេលដែលមាត្រា១១៩ និយាយតែពីការបង្កើតរដ្ឋាភិបាលតើ មាននិយាយពីការរំលាយរដ្ឋាភិបាលពីកាល តែមាត្រាផ្សេងទៀតនិយាយ ប៉ុន្ដែរដ្ឋធម្មនុញ្ញចង្អុលបង្ហាញមាត្រា២១ សម្រាប់ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដើម្បីតម្លើងឋានៈ ឬដកហូតតំណែងរបស់មន្ដ្រីជាន់ខ្ពស់ តាមសំណើរបស់គណៈរដ្ឋមន្ដ្រី»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ដ្រីទៅវិញទេ ដែលចង្អុលច្បាស់ទៅលើមាត្រា២០ ក្នុងការបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល។ មាត្រានេះបានចែងថា «នាយករដ្ឋមន្ដ្រីលើកសំណើថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល ដោយព្រះរាជក្រឹត្យ»

ទាក់ទិនការវិភាគដោយគ្មានមូលដ្ឋាននេះ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានពន្យល់ម្ដងរួចមកហើយ ដោយជួយឲ្យក្រុមប្រឆាំងផ្កាប់មុខនេះ មានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ ហើយសម្ដេចបានឲ្យក្រុមទាំងនោះ បើកមើលមាត្រា២១ ជំពូក២ ​នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា ដោយសារក្រុមទាំងនោះខ្វះការចេះដឹងទើបបានចេះតែជាប់គុក និងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។ សម្ដេចបន្ដថា គប្បីប្រឹងរៀនសូត្របន្ថែម ដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។ នេះជាបំណងល្អរបស់សម្ដេចសម្រាប់ក្រុមល្ងង់។

សូមរំលឹកថា តបតាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ លោក វេង សាខុន ត្រូវបាន ព្រះករុណា សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយឡែក លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន៕