(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្រោមប្រឹងប្រែងយ៉ាងស្វិតស្វាញ។

សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ PPIU ដើម្បីជាការលើកទឹកចិត្តដល់និស្សិតដែលបញ្ចប់ការសិក្សា។ សម្តេចតេជោធ្លាប់បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្ររបស់សាកលវិទ្យាល័យPPIU ចំនួន ៥លើករួចមកហើយ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោង៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីជាង ១០ឆ្នាំ បើមិនសង្គ្រោះលោកស្រី កូលាប ទេ សាកលវិទ្យាល័យ PPIU នឹងដួលរលំ។

* សម្តេចតេជោ ហ៊ុន សែន អរគុណតុលាការកំពូល ដែលបានកាត់ក្តីឱ្យស្វាមីលោកស្រី កូលាប រួចផុតពីការចោទប្រកាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានខ្ចីលុយគេជិត៣លានដុល្លារ សងឧកញ៉ា កុក អាន ជំនួសលោកស្រី ទេព កូលាប។

* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសំណុំរឿងលោកស្រី ទេព កូលាប និងឧកញ៉ា កុក អាន ជារឿងអយុត្តិធម៌

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានផលិតនាឡិកាចំនួន២៥គ្រឿង ចែកជូនមេដឹកនាំអាស៊ាន និងមេដឹកនាំដៃគូសន្ទនា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកមិនមែនដោយសាររាជរដ្ឋាភិបាលអត់លុយទេ តែដោយសារភាពមមាញឹកនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

* សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃម្សិលមិញនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ តែម្នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថអប់រំ ដោយមានការចូលរួមពីអាណាព្យាបាល ដោយមិនពឹងផ្អែកតែលើគ្រូ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណេះដឹងជាគ្រឿងអលង្ការល្អជាងរូបរាងកាយ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្ត្រីអប់រំគិតគូរផ្តល់ការអប់រំដល់យុវជន និងកុមារចំណាកស្រុកធ្វើការងារ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងក្រសួងអប់រំ គិតគូរឱ្យកុមារតាមឪពុកម្តាយទៅធ្វើការនៅថៃ ទទួលបានការអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវគិតឱ្យគ្រប់មិនត្រូវទុកឱ្យនរណាម្នាក់នៅក្រៅការអប់រំនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរដល់និស្សិតសាកលវិទ្យាល័យ PPIU ទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រនៅថ្ងៃនេះ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំដល់គ្រឹះស្ថានអប់រំនានា កុំបោះបង់ការបណ្តុះបណ្តាលជំនាញខ្លីៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាត្រា ១១៩ថ្មីនៃរដ្ឋធម្មនុញ្ញ ចែងពីការបង្កើតរាជរដ្ឋាភិបាល មិនមែនចែងពីការដកហូតតំណែងមន្ត្រីជាន់ខ្ពស់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រេចតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថតបានត្រឹម ៣០ភាគរយ ចំណាយថវិកាអស់ ២លាន ៥សែនដុល្លារហើយ។ សម្តេចតេជោ បានបញ្ជាក់ថា ខ្សែភាពយន្តនេះគ្រោងចំណាយប្រមាណ ៦លានដុល្លារ ហើយមិនមានប្រើថវិកាជាតិទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» ជាសាច់រឿងប្រវត្តិសាស្ត្ររបស់ជាតិ មិនមែនជាការរំលេចតែតួអង្គសម្តេចនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមការងារ និងមេធាវីបារាំង ដែលបានប្រឹងប្រែងការពារក្តីក្នុងសំណុំរឿងរបស់សម្តេចប្រឹងទណ្ឌិត សម រង្ស៉ី នៅបារាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្តេចតាមប្តឹង សម រង្ស៉ី ដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ជូនសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសពីជោគជ័យរបស់ក្រុម សម រង្ស៉ី ក្នុងបណ្តឹងរបស់សម្តេច គឺជាជោគជ័យក្នុងចិត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចង់បានរបស់សម្តេចលើបណ្តឹងនេះ មិនមែនចង់បានលុយ សម រង្ស៉ី នោះទេ តែអ្វីដែលសម្តេចចង់បាន គឺភាពស្អាតស្អំពីការចោទប្រកាន់របស់ សម រង្ស៉ី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពេញចិត្តចំពោះសាលក្រមរបស់តុលាការបារាំង ហើយមិនប្តឹងទៅឧទ្ទរណ៍នោះទេ ហើយស្វាគមន៍បើ សម រង្ស៉ី ប្តឹងបន្តទៅឧទ្ធរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៩៖៥០នាទី, នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៕