(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន២០០គ្រួសារ នៅក្រុងស្ទឹងសែន។

ថ្លែងនៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ លោក ងួន រតនៈ បានលើកឡើងថា អំណោយជាស្បៀងអាហារនេះនឹងរួមចំណែកសម្រាលការលំបាក​របស់ប្រជាពលរដ្ឋ​ក្នុងពេលជួបការលំបាកដោយការជន់លិចនេះ។ លោកបន្ថែមថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែលើកឡើងគ្រប់ទីកន្លែង ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ មិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុង។

តាមការបញ្ជាក់របស់ ឆូយ កុសល អភិបាលរងក្រុងស្ទឹងសែន បានឲ្យដឹងថា ប្រជាពរដ្ឋចំនួន២០០គ្រួសារមកពី៨សង្កាត់ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកបរិសុទ្ធ ផងដែរ៕