(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។

លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំការងារសន្តិសុខសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី តំណាងគណបក្សទាំង០៥ក្នុងខេត្តកំពង់ធំ។

លោក ជា ពុំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ជូនអង្គប្រជុំ ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ហើយសម្រាប់ការកំណត់អាយុ១៨ឆ្នាំ ត្រូវគិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុនឬ ត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥)។

លោក សុក ហៃ ថ្លែងថា ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំដែលកើតមុនឆ្នាំ២០០៥ ហើយការចុះឈ្មោះបោះឆ្នោតតាមប្រតិទិនរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត

លោកអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវដែលបានប្រគល់ជូន ផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋខ្មែរឱ្យបានយល់ជ្រួតជ្រាប និងជួយជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។

លោកបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ជំរុញអ្នកធ្វើចំណាកស្រុកត្រូវតែមានឆន្ទៈមកពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះប្រព្រឹត្តទៅបានល្អ ប្រកបដោយសន្តិសុខសុវត្ថិភាព។

លោក សុក ហៃ ក្នុងនាមអាជ្ញាធរខេត្តសង្ឃឹមជឿជាក់ចំពោះប្រជាពលរដ្ឋខ្មែរនិងភាគីពាក់ព័ន្ធ ទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមាន ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និង ធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា៕