(ក្រចេះ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២២ លើកទី២៤ ក្រោមប្រធានបទ «មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ»។

ពិធីនេះដែរ ធ្វើឡើងក្រោមអធិបតីភាព លោក ហង្ស ចាន់ឌី អភិបាលរងតំណាងលោក វ៉ា ថន អភិបាលខេត្តក្រចះ និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត អភិបាលស្រុក ក្រុង និងមនុស្សចាស់ ចំនួន៣០០នាក់ផងដែរ នៅសាលមហោស្របខេត្តក្រចេះ។

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានបញ្ជាក់ថា ខេត្តក្រចេះបានបង្កើតសមាគមមនុស្សចាស់នៅតាមបណ្តាឃុំ/សង្កាត់ក្នុងខេត្តក្រចេះ បានចំនួន ១២ ឃុំ/សង្កាត់ ក្នុងឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០១៧ បង្កើតបន្ថែមបាន ៣៥ ឃុំ/សង្កាត់ ទៀត សរុប ចំនួន ៤២ឃុំ និង ៥សង្កាត់។

លោកប្រធានមន្ទីរ បានលើកឡើងថា ពិធីនេះធ្វើឡើងដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ដែលមានការយកចិត្តទុកដាក់ចំពោះសុខុមាភាពមនុស្សចាស់។ ការប្រារព្ធទិវានេះ មិនមែនមានតែប្រទេសកម្ពុជាទេ គឺគ្រប់ប្រទេសក្នុងពិភពលោក ដែលជាសមាជិកអង្កការសហប្រជាជាតិ សុទ្ធតែប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១តុលា ជារៀងរាល់ឆ្នាំ។

លោកបញ្ជាក់ទៀតថា «បើគ្មានមនុស្សចាស់ទេ គឺយើងគ្មានអ្វីៗមកទល់សព្វថ្ងៃនេះទេ ព្រោះមនុស្សចាស់បានសាងស្នាដៃជាច្រើនដូចជា ផ្នែកវិស័យអប់រំ គុណធម៌ សីលធម៌ វប្បធម៌ ឲ្យក្មេងជំនន់ក្រោយ»

លោកសូមសំណូមពរ ដល់លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ និងប្រធានសមាគមឃុំ/សង្កាត់ ដែលមិនទាន់ដំណើរការសមាគមមនុស្សចាស់ ធ្វើយ៉ាងណាជួយជំរុញឲ្យបានដំណើរការឲ្យបានគ្រប់ឃុំ សង្កាត់ ហើយបើត្រូវការជំនួយផ្នែកបច្ចេកទេស សូមទំនាក់ទំនងមកមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទាខេត្ត ព្រោះមានក្រុមការងារចុះជួយផ្នែកបច្ចេកទេស។

សូមបញ្ជាក់ថា ក្នុងពិធីប្រារពទិវាមនុស្សចាស់នេះ លោក ចាន់ សុគុណ បាននាំយកអំណោយចែកជូនមនុស្សចាស់ និងចាស់ជរាចំនួន ជាង៣០០នាក់ ក្នុង១នាក់ទទួលបានក្រមា១ សារ៉ុង១ ក្នុងនោះផងដែរលោក វ៉ា ថន ក៏បានឧបត្ថម្ភថវិកា ដល់មនុស្សចាស់ទាំងអស់ ក្នុងម្នាក់ ២០០០០រៀល ផងដែរ៕