(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ខ្លួនបានដាក់ឲ្យដំណើរការសេវាពិនិត្យព្យាបាលជំងឺផ្លូវចិត្ត មានកម្រិតឯកទេសនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី/ខេត្ត បានចំនួន១០កន្លែង និងកម្រិតមូលដ្ឋាន នៅតាមមន្ទីរពេទ្យបង្អែកខេត្ត/ស្រុក ចំនួន៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង។

ក្នុងសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានស្ដីពី ទិវាសុខភាពផ្លូវចិត្តពិភពលោក ១០ តុលា ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំពោះការប្រើប្រាស់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ សម្រាប់ឆ្នាំ២០២១ មានចំនួនសរុប៨៧,២៨៤នាក់ (ប្រុស៣៦,៦៣១នាក់ និងស្រី ៥០,៦៥៣នាក់) ក្នុងនោះរួមមាន៖

* សេវាពិនិត្យពិគ្រោះជំងឺក្រៅ មានចំនួន៨២,៩៦៤នាក់ (ប្រុស ៣៥,០៥០នាក់ និងស្រី ៤៧,៩១៤នាក់)
* សេវាសម្រាកពេទ្យ មានចំនួន៤,៣២០នាក់ (ប្រុស ១,៥៨១នាក់ និងស្រី ២,៧៣៩នាក់)។

ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោក ១០តុលា ២០២២នេះ ក្រសួងសុខាភិបាល បានអំពាវនាវបុគ្គលគ្រប់រូបទាំងកុមារមនុស្សពេញវ័យ និងមនុស្សចាស់ ត្រូវចេះថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ក៏ដូចជាសុខភាពផ្លូវកាយដែរ។ ការមានសុខភាពផ្លូវចិត្តល្អ នាំឲ្យគ្រួសារមានសុភមង្គល និងមានសុខដុមនីយកម្មក្នុងសហគមន៍។ ការមានសុខភាពផ្លូវចិត្តល្អ នាំឲ្យមានធនធានមនុស្សល្អ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សូមកុំរើសអើង និងម៉ាក់ងាយអ្នកជំងឺផ្លូវចិត្ត៕