(កណ្ដាល)៖ ប្ដីប្រពន្ធក្រខ្សត់គ្មានជម្រកមួយគ្រួសារ សុទ្ធតែជាក្មេងកំព្រាដូចគ្នា ស្នាក់អាស្រ័យរកស៊ីនៅមុខផ្ទះគេ បានកសាងគ្រួសារតូចមួយដោយមានកូនពីរនាក់ជាបន្ទុក។ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ បុរសជាប្ដី បានទៅស៊ីឈ្មួល ជាជាងសំណង់ យកកម្រៃមកចិញ្ចឹមប្រពន្ធ កូន តែអកុសល ត្រូវខ្សែភ្លើងឆក់ ធ្លាក់ខ្លួនពិការកំប៉ុតដៃទាំងពីរ និងរបួសជើងដើរពុំរួច បន្ទុកគ្រួសារក៏បានធ្លាក់លើស្ដ្រីជាប្រពន្ធទាំងស្រុង, បន្ទាប់ទទួលបានដំណឹងនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលពលរដ្ឋបានប្រសិទ្ធនាមថា ជាមាតាមនុស្សធម៌ បានជួយរំលែកការលំបាក តាមរយៈផ្ដល់ជាថវិកាសម្រាប់សាងសង់តូបលក់អីវ៉ាន់ចាប់ហួយ និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ដល់គ្រួសារក្រខ្សត់នេះផងដែរ។

ប្ដីប្រពន្ធគ្រួសារក្រខ្សត់ខាងលើនេះ ប្ដីឈ្មោះ លោក​ វុទ្ធ​ ឧស្សា​ អាយុ​ ៣៣ឆ្នាំ​ ជាកម្មករសំណង់​ ភរិយា​ឈ្មោះ​ គីម​ សុភ័ន​ ហៅ សុខ​ ស្រីភ័ណ​ អាយុ​ ២៩ឆ្នាំ​ ជាស្ដ្រីមេផ្ទះ សព្វថ្ងៃនេះរស់នៅផ្ទះជាមួយម្តាយមីង​ ស្ថិតនៅភូមិរកាលើ ឃុំខ្ពប​ ស្រុកស្អាង​ ខេត្តកណ្តាល បានសម្ដែងការរំជួលចិត្ដត្រេកអរយ៉ាងខ្លាំង ពេលទទួលបានថវិកា១ពាន់ដុល្លារ​ និងសម្ភារៈមួយចំនួនទៀត ពីតំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

លោក វុទ្ធ ឧស្សាហ៍ បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ថវិកាចំនួន ១ពាន់ដុល្លារ មកដល់គ្រួសារខ្ញុំ ថវិកានេះពិតជាច្រើនណាស់ ទោះខ្ញុំរកមួយជាតិក៏ប្រហែលជាមិនបានដែរ»

លោក វុទ្ធ ឧស្សា តំណាងឱ្យគ្រួសារ បានថ្លែងអំណរអរគុណដល់កាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំប្រទេសជាតិយើង សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននិងសូមជូនពរឱ្យសម្ដេចមានព្រះជន្មយ៉ិនយូរ ដើម្បីជាម្លប់ដល់កូនចៅបន្ដទៀត ។

លោកបន្ដថា «ខ្ញុំទទួលបានថវិកានេះហើយ ខ្ញុំនឹងយកទៅបង្កើតមុខរបបធ្វើជាតូបលក់ចាំហួយ ដើម្បីចិញ្ចឹមកូនតទៅមុខទៀត ព្រោះអីនេះខ្ញុំលែងមានលទ្ធភាពចេញទៅក្រៅ រកស៊ីចិញ្ចឹមក្រុមគ្រួសារបានដូចមុនទៀតហើយ»

ទន្ទឹមនឹងនោះ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ ដែលបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារងាយរងគ្រោះខាងលើនេះ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងចាំផ្ដល់ជាកម្លាំងចិត្ដដល់កូនក្មួយជានិច្ច ត្រូវប្រឹងតស៊ូជម្នះការលំបាកបន្ដទៀត ដើម្បីអនាគតជីវិតកូនៗទាំង២។

លោកស្រីបានគូសបញ្ជាក់ថា​​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃើញព័ត៌មាន អំពីករណីដ៏លំបាកមួយនេះ​ សម្តេចបានសម្តែងនូវក្តីអាណិតអាសូរ​ ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព​។

លោកស្រីក៏បានផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ​ រស់នៅមានអនាម័យ​ស្អាត​ និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បើយ​ ជាពិសេសត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រដើម្បីអនាគតរុងរឿង។

សូមជម្រាបផងដែរថា ក្នុងឱកាសនាំយកថវិកា និងសម្ភារៈគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រខ្សត់ខាងលើ លោកស្រី ម៉ែន នារីសោភ័គ ក៏បានបន្ដដំណើរចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤គ្រួសារផ្សេងទៀត ដែលរស់នៅក្នុងភូមិឃុំក្បែរៗនោះ ដោយក្នុងនោះក៏មានស្ដ្រីក្រីក្រកំពុងមានផ្ទៃពោះផងដែរ៕