(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបំភ្លឺផ្នែកច្បាប់បន្ថែមទៀត ដល់ក្រុមប្រឆាំងផ្កាប់មុខ ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែង សមាជិករាជរដ្ឋាភិបាល។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ ដល់ពុំបានយល់ពីច្បាប់ថា ការបញ្ចប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយព្រះរាជក្រឹត្យ កាលពីពេលថ្មីៗនេះ ជាការអនុវត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ។

កាលពីយប់ថ្ងៃទី០៩ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញទិដ្ឋភាពច្បាប់មួយចំនួនម្តងរួចទៅហើយ ដើម្បីបង្ហាញទៅក្រុមប្រឆាំងពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋភិបាល។ ពាក់ព័ន្ធការតែងតាំង ឬដកសមាជិករាជរដ្ឋាភិបាលនេះ សម្តេចតេជោបានណែនាំក្រុមប្រឆាំងឱ្យទៅមើលមាត្រា២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ ហើយទៅអានមាត្រា២០ ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

ថ្លែងនៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ដើម្បីរួមចំណែកផ្តល់ការចេះដឹងឱ្យពួកប្រឆាំងផ្កាប់មុខ ក្រែងបានឡើងទៅកាន់អំណាចនៅជាតិក្រោយ សម្តេចស្នើឱ្យពួកគេមើល មាត្រា២១ ដែលជាជំពូកនិយាយអំពីព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញ និងមាត្រាទី២០ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​នៃគណៈរដ្ឋមន្ត្រី ទើបពួកគេដឹងសិទ្ធិអំណាចហ្នឹងយ៉ាងម៉េច ព្រោះគេចោទថា «ដករដ្ឋមន្ត្រីត្រូវហើយ តែវាខុសរដ្ឋធម្មនុញ្ញ»

សម្តេចបានពន្យល់បន្តថា «​មាត្រា២១ ចង្អុលបង្ហាញថា ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថលេខា ដើម្បីបញ្ចប់មុខតំណែង ឬតែងតាំងអ្វីៗហ្នឹង សម្រាប់អង្គនីតិប្រតិបត្តិ តាមសំណើនាយករដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការ តាមរយៈសំណើរបស់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ប៉ុន្តែច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​នៃគណៈរដ្ឋមន្ត្រី គេចង្អុលត្រង់តែម្តង នាយករដ្ឋមន្ត្រីលើកសំណើ​ថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខតំណែង សមាជិករាជរដ្ឋាភិបាល»

សម្តេចបានបញ្ជាក់បន្ថែមថា «មិញវាថាអ្វីដែលខ្ញុំនិយាយហ្នឹងជាការជេរប្រមាថ ត្រង់វាជេរឯងថា ធ្វើខុសរដ្ឋធម្មនុញ្ញ វាមិនគិតឯណាអាសត្វនេះ បានខ្ញុំថា ទេ ! ឯងធ្វើអ្វីក៏វាថាខុស ពេលនេះវាកំពុងចាំមើល អាចយប់នេះវាបានមួយឃ្លា ហ្អែងរកបាយស៊ីនឹងអាហ្នឹងទៅ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ដោយសារតែវាមិនចេះដឹងហ្នឹងហើយ វាបំពានហ្នឹងហើយ បានចេះតែជាប់គុក ហើយរត់ចោលស្រុកតែប៉ុណ្ណឹង រួចវាថា ភាសាហ្នឹងភាសាជេរប្រមាថ យី ! ទៅជាអញ្ចេះទៅ»

សម្តេចតេជោ បានរិះគន់ថា ពួកក្រុមប្រឆាំងដែលមិនយល់ពីច្បាប់ទាំងនោះ មិនហ៊ានចូលមកប្រទេសកម្ពុជានោះទេ ព្រោះពួកគេខ្លាច។ សម្តេចថ្លែងថា «ពួកឯងហ្នឹងមិនហ៊ានមកទេ ព្រោះពួកឯងខ្លាចងាប់ ពួកឯងថាអញហ្នឹងខ្លាចងាប់ ​អញសូមទទួលស្គាល់ថា អញហ្នឹងខ្លាចងាប់មែន ពួកនេះនិយាយតេជគុណអញ្ចេះៗ អើ ហៅវាអាខ្មៅតែម្តងទៅ»