(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតកាយរឹទិ្ធជាតិកម្ពុជាលើកទី៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន រួមគ្នាគិតគូរបង្កើតក្រុមកាយរឹទ្ធិ​ឱ្យបានគ្រប់​គ្រឹះស្ថានសិក្សា។

ក្រោយពីការណែនាំដល់ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាព​ការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ ជាពិសេសត្រូវរៀបចំ «គោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទិ្ធរៀមច្បង» និងបង្កើត «ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង» ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទិ្ធនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងណែនាំ​ដល់គ្រឹះស្ថាន​អប់រំទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបង្កើតក្រុមកាយរឹទ្ធិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «គ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួង​អប់រំយុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយរឹទិ្ធរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព, ចំណុចនេះខ្ញុំសូមអំពាវនាវ​ដល់គ្រប់​គ្រឹះស្ថានសិក្សាទាំងអស់ ជាពិសេសទាំងរដ្ឋ ទាំងឯកជន យកចិត្តទុកដាក់​ទុកលើការបង្កើតនូវក្រុមកាយរិទ្ធិ ដែលក្នុងនេះហៅថាក្រុមកាយរិទ្ធិរៀមច្បង ដែលអាចឈានទៅបង្កើតសាខាច្រើនទៅទៀត»

ក្រៅពីការណែនាំដល់គ្រឹះស្ថានអប់រំបង្កើតក្រុមកាយរឹទ្ធិ សម្តេចតេជោ ហ៊ុន សែន បានប​ន្ថែមថា ប្រសិនបើនៅតាមសាលាណាដែលមិនទាន់មាន ឫមានតិចតួច តែខ្វះឯកសណ្ឋាន ដោយសារតែពុំមានថវិកា អតីតសិស្សសាលានោះគួរតែត្រូវជួយឧបត្ថម្ភ ព្រោះអតីតសិស្សដែលបានចេញមកធ្វើការនាពេលបច្ចុប្បន្ននេះ សុទ្ធតែមានប្រាក់ខែខ្ពស់អាចមានលទ្ធភាពចែករំលែកបាន។

បើតាមសម្តេចតេជោ ហ៊ុន សែន សម្រាប់ថវិកាក្នុងការទិញឯកសណ្ឋានកាយរិទ្ធិនេះ មិនស្ថិតនៅក្នុងថវិកាជាតិនោះទេ ដូចនេះហើយត្រូវមានការ​យកចិត្ក​ទុកដាក់បង្កើតឱ្យមានកម្លាំងនេះឡើង ដែលចាត់ទុកជាកម្លាំងស្នូលនៃផ្នែកសីលធម៍ ព្រោះក្រុមកាយរិទ្ធិ គឺជាក្រុមដែលធានាបាន​ទាំងបរិមាណ និងទាំងគុណភាព​ច្បាស់លាស់។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដើម្បីឱ្យការបង្កើតបាននូវកម្លាំងកាយរិទ្ធនេះឡើង គឺទាមទារឱ្យថ្នាក់ដឹកនាំនៅតាមសាលារដ្ឋ និងឯកជន ឫសាកលវិទ្យាល័យ ត្រូវយកចិត្តទុកដាក់ ក្នុងនោះទាំងរដ្ឋ និងឯកជនដែលមិនទាន់មានគប្បីត្រូវតែធ្វើ។ សម្តេចក៏បានអំពាវនាវដល់អតីតសិស្ស នៅតាមវិទ្យាល័យ ឫគ្រឹះស្ថានឧត្តម​សិក្សាទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភឱ្យអតីតសាលារបស់ខ្លួនមានក្រុមយុវជនកាយរិទ្ធិនេះឡើង៕