(បាត់ដំបង)៖ យោងតាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានបន្តចុះពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ទំនិញនានា ក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅក្នុងខេត្ដ ជាលទ្ធផល គឺពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះឡើយ។

លោក ហាក់ សុខរិន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ក្រុមការងាររថយន្តមន្ទីរពិសោធន៍ចល័ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរបានចុះត្រួតពិនិត្យត្រួតពិនិត្យចំណី ម្ហូបអាហារនៅតាមស្ដង់លក់ទំនិញ ដែលធ្វើការលក់ នាឱកាសបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ដើម្បីធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកំសាន្ត ក្នុងការពិសារដោយមិនមានការព្រួយបារម្ភ ពីសារធាតុគីមី ឬពុល ដែលមាននៅក្នុងចំណីអាហារដាក់លក់ទាំងអស់នោះទេ។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ការពិនិត្យចំណី ម្ហូបអាហារតាមតូបលក់ទំនិញនានានេះដែរ ក្រុមការងាររថយន្តមន្ទីរពិសោធន៍ចល័ត បានបន្តត្រួតពិនិត្យមើលមាន ណែមស្បែកជ្រូក ណែមសាច់ត្រី នំបញ្ចុក បាញ់ស៊ុង គ្រឿងសមុទ្រ បង្កង សរសៃគុយទាវ (តូច-ធំ) មីសរសៃ ប្រហិតចំរុះ ចំនួន ២៤គំរូជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ។ ក្នុងពេលនោះដែរ បានត្រួត្យពិនិត្យបន្លែចំរុះចំនួន ០៥ គំរូ ដើម្បីរកសំណល់ថ្នាំកសិកម្ម ជាលទ្ធផល (អវិជ្ជមាន)។

លោកប្រធានសាខា បានអំពាវនាដល់អាជីវករលក់ចំណីអាហារទាំងអស់កុំលក់ចំណីអាហារណា ដែលមានដាក់សារធាតុគីមីឲ្យសោះ គឺហាមដាច់ខាត ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទូទៅ កុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន គឺបានបំផ្លាញសុខភាពអ្នកដទៃនោះឡើយ។

លោកថ្លែងអំណរគុណអាជីវករ អ្នកលក់ដូរចំណីអាហារទូទៅ មានការយល់ដឹងច្រើនផ្នែកច្បាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពសាធារណៈ ដែលបានលក់ម្ហូបអាហារ សង្កេតឃើញថា មានការគោរពច្បាប់ច្រើនជាងមុន ដោយតែតាមរយ:ការផ្សព្វផ្សាយរបស់ក.ប.ប គ្រប់ទីកន្លែងជាប្រចាំយូរមកហើយផងដែរ៕