(ភ្នំពេញ)៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៥ ជប៉ុនបានផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការចំនួន ៦៧,៤៥ លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន០៤ នៅកម្ពុជា។ គម្រោងទាំង៤រួមមាន គម្រោងពង្រីកទឹកស្អាតក្នុងខេត្តកំពត អាហាររូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ការស្តារឡើងវិញនូវស្ពានជ្រោយចង្វារ ហើយនឹងការកែលំអរសម្ភារ សម្រាប់សកម្មភាព ដោះមីនដំណាក់កាលទី៧។

លោក ប្រាក់ សុខុន បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលបាននូវប្រាក់កម្ចីពី រដ្ឋាភិបាលជប៉ុនប្រមាណ ១៤៦,៦លាន ដុល្លារអាមេរិក សម្រាប់គម្រោងកែលំអរផ្លូវជាតិលេខ៥ «ផ្នែកព្រែកក្តាម-ធ្លាម្អម»។

ការលើកឡើងរបស់ លោក ប្រាក់ សុខុន បានធ្វើឡើង នៅក្នុងពិធីចុះហត្ថលេខា លើការផ្លាស់ប្តូរកំណត់ទូត និងកំណត់ ហេតុនៃការពិភាក្សា ល់ហិរញ្ញាប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ប្រមាណជា ២, ៩លានដុល្លារអាមេរិកសម្រាប់ អនុវត្តគម្រោង« អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស» ជាមួយភាគីជប៉ុនតំណាងដោយ លោក យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូតជប៉ុននៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គួរបញ្ជាក់ថា ជប៉ុន គឺជាអ្នករួមវិភាគទានដ៏សំខាន់ក្នុងដំណើរការ កសាងសន្តិភាពនៅកម្ពុជា ការស្តារ ការកសាង និង អភិវឌ្ឍន៍ ប្រទេស ឡើងវិញនៅក្រោយសង្រ្គាម។ ជំនួយជប៉ុន បានរួមចំណែក ក្នុងការកែលំអរ វិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ អភិបាលកិច្ចជាដើម៕