(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា Smart Phone (ទូរសព្ទវ័យឆ្លាត) មិនមែនជាហេតុធ្វើឲ្យល្ខោនបាសាក់ធ្លាក់ចុះទេ​ ពោលគឺល្ខោនបាសាក់ធ្លាក់ចុះ ដោយសារតែចលនានៃការឧបត្ថម្ភគាំទ្ររបស់ប្រជាជនខ្មែរ មានលក្ខណៈទន់ខ្សោយ។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើឡើងក្នុងឱកាស បើកដំណើរការ កម្មវិធីបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព»

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។

លោកស្រី ភឿង សកុណា បានលើកឡើងដែរថា ទាំងល្ខោនបាសាក់ និងសិល្បៈវប្បធម៌ខ្មែរដទៃទៀត បើខ្មែរមិនខិតខំថែរក្សាទេនោះ គ្មានបរទេសណាជួយថែរក្សាឡើយ។

លោកស្រីបន្តថា ទោះមិនឈ្នះការប្រគំតន្ត្រីសម័យ តែត្រូវខិតខំប្រឹងប្រែងធ្វើសិល្បៈបុរាណប្រពៃណីរបស់យើងឲ្យបានល្អ ខ្លឹម រំភើប និងអស្ចារ្យ ជាពិសេសឲ្យមានភាពទាក់ទាញអ្នកជំនាន់ចាស់ ក៏ដូចជាយុវវ័យអ្នកជំនាន់ថ្មីផងដែរ ដោយត្រូវធ្វើយ៉ាងណាឲ្យល្ខោនបាសាក់ មានអត្តសញ្ញាណខ្មែរ នៅក្នុងឈាមខ្មែរ និងមានព្រលឹងខ្មែរ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ល្ខោនបាសាក់ ប្រហែលជាមិនអាចឈ្នះ Concert (ការប្រគំតន្ត្រី) បានទេមើលទៅ។ ប៉ុន្តែ ខ្ញុំយល់ថា នេះយើងត្រូវតែរំលឹកជួយទាំងអស់គ្នា ព្រោះគ្មាននរណាអាចធ្វើអ្វីជាងខ្លួនយើងទេ។ គ្មាននរណា អាចថែវប្បធម៌ខ្មែរ​ សិល្បៈខ្មែរ ជាងខ្មែរខ្លួនឯងទេ។ កុំសង្ឃឹមថា មាននរណាជួយផ្សព្វផ្សាយឲ្យយើងជាងខ្លួនយើង។ យើងថាឥឡូវ​ដោយសារបច្ចេកវិទ្យា អញ្ចឹងមនុស្សនាំគ្នាមើល Smart Phone ច្រើនណាស់ ក៏ប៉ុន្តែអាហ្នឹងមិនមែនជាលេស សម្រាប់ការបោះបង់ចោលនូវការគាំទ្រទេ»

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ការវិវឌ្ឍនៃល្ខោនបាសាក់មានការធ្លាក់ចុះ ហើយការណ៍នេះកើតឡើងដោយសារតែខ្វះការគាំទ្រ។ លោកស្រី បានស្នើឲ្យមានការគាំទ្រល្ខោនបាសាក់ ពីស្រទាប់មហាជន ជាពិសេសពីយុវវ័យ ដើម្បីឲ្យល្ខោនបាសាក់ មានការរីកចម្រើនឡើងវិញ ដូចកាលពីអតីតកាល។

បើតាមលោកស្រី ភឿង សកុណា បើទោះជាសម័យបច្ចុប្បន្ន Smart Phone ដើរតួនាទីសំខាន់ ដែលអ្នកប្រើប្រាស់អាចទស្សនាទស្សនីយភាពនានាក៏ដោយ ក៏នៅប្រទេសចិន បើសិនជាគេចង់មើលល្ខោនអូប៉េរ៉ាប៉េកាំង ត្រូវទិញសំបុត្រ១ ក្នុងតម្លៃប្រមាណ ៥០០ដុល្លារ។ ម្យ៉ាងទៀត ដើម្បីចូលមើលការសម្តែងបាន អ្នកចង់ទស្សនាត្រូវទិញសំបុត្រទុក ១ឆ្នាំមុនឯណោះ ទើបអាចចូលមើលបាន។ បើទោះជាស្មាតហ្វូនរីកចម្រើន ក៏សន្ទុះនៃការគាំទ្ររបស់ប្រជាជនរបស់គេ នៅតែខ្លាំងក្លាដដែល ខណៈល្ខោនអូប៉េរ៉ាប៉េកាំង ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។

លោកស្រីបញ្ជាក់ថា «នៅប្រទេសចិន អូប៉េរ៉ាប៉េកាំង បើមិនទិញសំបុត្រ ១ឆ្នាំមុនទេ ចូលមើលមិនបានទេ។ សំបុត្រមួយសន្លឹកមិនថោកទេ ៥០០ដុល្លារយ៉ាងតិច។ អូប៉េរ៉ាប៉េកាំង គេចាត់ជាបេតិកភណ្ឌមនុស្សជាតិ។ ស្មានតែចិនហ្នឹងគេអត់មានស្មាតហ្វូន? គេមើលស្មាតហ្វូនដូចតែគ្នា»

លោកស្រី ភឿង សកុណា បានរំលឹកដែរថា សម្រាប់កម្ពុជាវិញ នៅសម័យអតីតកាលល្ខោនបាសាក់រីកចម្រើនខ្លាំងណាស់ ហើយប្រជាជនដាក់កន្ទេល និងភួយ ទៅទស្សនាយ៉ាងភ្លូកទឹកភ្លូកដីផងដែរ។ ការសម្តែងល្ខោនបាសាក់មួយរឿងៗ ចំណាយពេលជាច្រើនយប់ ហើយមហាជនតាមដានទស្សនាមិនដាច់ឡើយ។ លោកស្រីបន្ថែមថា នៅក្រោយឆ្នាំ១៩៧៩ ល្ខោនបាសាក់ ក៏មានសកម្មភាពសម្តែងច្រើនដែរ តែបច្ចុប្បន្នធ្លាក់ចុះវិញ ដោយសារតែខ្វះការគាំទ្រ ធនធានមនុស្ស និងបញ្ហាមួយចំនួនទៀត។

លោកស្រីយល់ថា ការរីកចម្រើនៃទូរសព្ទឆ្លាតវៃ មិនមែនជាមូលហេតុដែលធ្វើឲ្យល្ខោនបាសាក់ធ្លាក់ចុះទេ តែមកពីគ្មានសន្ទុះនៃការគាំទ្រតែម្តង ព្រោះនៅប្រទេសចិន បើទោះជាប្រជាជនមានស្មានហ្វូនប្រើច្រើន ក៏សន្ទុះនៃការគាំទ្រល្ខោនអូប៉េរ៉ាប៉េកាំង នៅតែមានសកម្មភាពផុលផុស។ លោកស្រី ក៏បានអះអាងថា ល្ខោនបាសាក់ មុននឹងអាចបន្តមានវត្តមានដល់សម័យបច្ចុប្បន្ន ក៏សឹងតែបាត់បង់ទៅវិញម្តងទៅហើយ ប៉ុន្តែដោយសារតែស្ថាបនិកទាំង ២នាក់ ដែលមានបងជាអ្នកមានថវិកាជួយទ្រទ្រង់ ទើបធ្វើឲ្យសិល្បៈបុរាណមួយនេះលេចរូបរាងឡើង។

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះថា បើយោងតាមរបាយការណ៍ពីមន្ទីររាជធានីខេត្ត ចំនួន១៩ ដែលមានក្រុមល្ខោនតាំងនៅ សព្វថ្ងៃនេះមានល្ខោនបាសាក់ខ្មែរ ចំនួន៦៧ក្រុម។

លោកបន្តថា ទាំងជាង ៦០ក្រុមនេះ មានក្រុមខ្លះមានតែប្រធានក្រុមទេ ខណៈក្រុមខ្លះគ្មានសកម្មភាពសម្តែងឡើយ។ បន្ថែមលើនេះ ដោយសារតែកត្តាជំងឺកូវីដ១៩ លាយឡំផង ក៏ជាហេតុផលធ្វើឲ្យល្ខោនបាសាក់ថមថយដែរ។

លោក ឈាង ឆដាភ័ក្ត្រ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារកូវីដ រយៈពេល២ឆ្នាំនេះ សិល្បៈករមួយចំនួនធំ មិនមានការសម្តែងទេ។ យើងអាចនិយាយបានថា ស្ទើរតែមិនមានសកម្មភាពផង»

ល្ខោនបាសាក់ មានឈ្មោះដើមជាល្ខោនទ្រើងឃ្លោក និងមានកំណើតនៅដែនដីកម្ពុជាក្រោម ក្នុងស្រុកបាសក់ ខេត្តព្រះត្រពាំង។ នៅអំឡុងទសវត្សឆ្នាំ១៩៣០ ល្ខោនទ្រើងឃ្លោក ត្រូវបានបងប្អូន ២នាក់ យកមកសម្តែងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនតាមដងទន្លេបាសាក់ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយដំបូងគេហៅថា ល្ខោនមកពីស្រុកបាសាក់ លុះក្រោយមក ក៏ហៅកាត់ខ្លីថាល្ខោនបាសាក់ ហើយក៏ជាប់ឈ្មោះរហូតដល់សព្វថ្ងៃ។

ល្ខោនបាសាក់ គឺមានទាំងការនិយាយ មានទាំងច្រៀង ហើយកំដរដោយភ្លេងបាសាក់។ ល្ខោននេះទៀតសោត មានឥទ្ធិពលមកពីល្ខោនអូប៉េរ៉ាប៉េកាំងរបស់ចិន (Peking Opera) និងវៀតណាម។

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងបន្ថែមថា «មែនទែនទៅ មហោស្រពនេះជាវេទិកាដើម្បីសិក្សា រៀនសូត្រ និងផ្លាស់ប្តូរ វិធីសាស្ត្រ ចំណេះ និងជំនាញ។​ សូម្បីតែយើង យើងដឹងនូវបញ្ហាច្រើនអំពីផលលំបាក ពីសិល្បៈករនីមួយៗ មានន័យថា យើងដឹងថាក្រុមនីមួយៗ គាត់ត្រូវការអ្វី គាត់ខ្វះអ្វី។ តាមរយៈមហោស្រពនេះ យើងរកឃើញនូវចំណុចមួយចំនួន ដែលយើងត្រូវការជួយពង្រឹងល្ខោនបាសាក់»

លោកបន្តថា «ក្បាច់ហួន វិធីសាស្ត្រក្នុងការដឹកនាំរឿង និងការនិពន្ធអត្ថបទនេះជារឿងសំខាន់ ដែលយើងដឹងថា​ យើងជាអង្គភាពជំនាញ​ដើម្បីជួយពួកគាត់ទៅមុខទៀត។ យើងរកវិធីសាស្ត្របន្ថែមទៀត ដោយយើងក៏ឃើញថា ល្ខោនបាសាក់ ធ្លាក់ចុះក៏ដោយសារ ក្រុមខ្លះសម្តែងមានកម្រិតលើសាច់រឿង ការនិពន្ធរឿង ការដឹកនាំរឿង និងហួន ដើរចូលមកឆ្គងតែម្តង»

ល្ខោនបាសាក់ធ្លាក់ចុះណាស់ ហើយបើតាមលោក ឈាង ឆដាភ័ក្ត្រ បានឲ្យដឹងថា មានល្ខោនបាសាក់ ១០ក្រុមប៉ុណ្ណោះ បានដាក់ពាក្យប្រកួតប្រជែង ក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ខណៈគណៈកម្មការមេប្រយោគ មើលឃើញថា ក្រុមប្រកួតសុទ្ធតែនៅមានកង្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែម ដូចជាការតែងនិពន្ធ ការដឹកនាំរឿង (ខ្លីខ្លឹម ប្រមូលផ្តុំ មិនវែងអន្លាយ) ក្បាច់ក្បួនខ្នាតហួន និងសម្លៀកបំពាក់ជាដើម។

ម្ចាស់ជើងឯកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ក្រុមល្ខោនបាសាក់ «រស្មីវប្បធម៌ខេត្តកែប» បានបង្ហាញពីបំណងចង់ឃើញមានការឧបត្ថម្ភធំៗ​ ដល់គ្រប់ក្រុមល្ខោនបាសាក់ទាំងអស់ ឲ្យដូចជាការឧបត្ថម្ភការប្រគុំតន្ត្រីសម័យ។

លោក ញ៉ែត ទីម ដែលបានដឹកនាំក្រុមទៅប្រកួតក្នុងមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ បានប្រាប់បណ្តាញ Fresh News ថា បើសិនជាមានការឧបត្ថម្ភពីក្រុមហ៊ុនធំៗ ដើម្បីឲ្យមានការសម្តែងល្ខោនបាសាក់ និងឧបត្ថម្ភក្នុងការរៀបចំឲ្យមានការប្រកួតរកជើងឯកល្ខោនបាសាក់ នឹងជួយឲ្យវិស័យសិល្បៈបុរាណមួយនេះ រីកចម្រើនដូចសម័យអតីតកាល។ លោកបន្ថែមថា ការគាំទ្រពីមហាជន តាមរយៈការចូលរួមមើលការសម្តែងល្ខោនបាសាក់ ក៏ជាផ្នែកមួយដ៏សំខាន់ដែរ។

លោកបានលើកឡើងថា «បើការឧបត្ថម្ភដល់ល្ខោនបាសាក់ ដូចការឧបត្ថម្ភការប្រគុំតន្ត្រីសម័យ ល្ខោនបាសាក់ នឹងមានការរីកចម្រើនផុលផុសឡើងវិញ។ កាលណាយើងអត់មានការគាំទ្រ និងមិនមានការចាប់អារម្មណ៍ពីសប្បុរសជន ធ្វើឲ្យបាត់បង់ធនធាន (អ្នកស្នង) ដែលចង់រក្សាសិល្បៈបុរាណនេះណាស់»

លោក ញ៉ែត ទីម បានបន្ថែមថា កាលណាខ្វះការឧបត្ថម្ភ មិនត្រឹមតែខ្វះធនធានមនុស្សទេ ក៏ខ្វះខាតលើការចំណាយ ក្នុងការបង្កើតឲ្យមានជាក្រុមល្ខោនដែរ។ ជាក់ស្តែង សម័យបច្ចុប្បន្ននេះ ល្ខោនបាសាក់ត្រូវការទំនើបកម្ម ដូចជា បច្ចេកទេសភ្លើង ឧបករណ៍បំពងសម្លេង និងសម្ភារ សម្រាប់រៀបចំឆាកជាច្រើនទៀត ដែលសុទ្ធតែទាមទារការចំណាយ។

អ្នកមានការយល់ដឹងពីល្ខោនបាសាក់ បានលើកឡើងបន្ថែមថា នៅសម័យមុន ល្ខោនបាសាក់ ទាមទារឲ្យមានការសម្តែងច្រើនយប់ ប៉ុន្តែឥឡូវនេះ គេអាចកាត់បន្ថយរយៈពេលសម្តែងល្ខោនបាសាក់បាន ត្រឹមតែ ១យប់ប៉ុណ្ណោះ គ្រាន់តែថាត្រូវតែធ្វើយ៉ាងម៉េចឲ្យសាច់រឿងខ្លី និងមានខ្លឹមសារ។ លោកបន្តថា ក្នុងមួយក្រុមនៃការបង្កើតល្ខោនបាសាក់ ទាំងបច្ចេកទេស និងសម្តែង ត្រូវការមនុស្សយ៉ាងហោចណាស់ ៣០នាក់ ពោលគឺទាមទារឲ្យមានការផ្គត់ផ្គង់ និងយកចិត្តទុកដាក់ខ្លាំងពីមហាជន ដើម្បីរក្សាសិល្បៈបុរាណមួយនេះ ដល់កូនខ្មែរជំនាន់ក្រោយ៕