(កំពត)៖ យោធាសហរដ្ឋអាមេរិក និង យោធាកម្ពុជា នឹងធ្វើការហ្វឹកហ្វឺនផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរគ្នានូវមេរៀនជំនាញ រវាងយោធានិងយោធា ពីថ្ងៃទី៦ដល់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តកំពត ជាផ្នែកមួយនៃបេសកកម្ម ដែលមានឈ្មោះថា Pacific Angel 2016 (បេសកកម្មទេវតា ឆ្នាំ២០១៦ នៅតំបន់ប៉ាស៊ីហ្វិក)។

នៅក្នុងអំឡុងពេលនៃបេសកកម្មនេះ ទាហានអាមេរិក និងទាហានកម្ពុជា ចំនួនប្រហែល៨០នាក់ រួមជាមួយនឹង ទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ និងដៃគូពាក់ព័ន្ធ រួមជាមួយ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនក្នុងខេត្តកំពត។

Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយមានការចូលរួម និងការដឹកនាំយ៉ាងសកម្មពីកំលាំងទ័ពអាកាស របស់សហរដ្ឋអាមេរិក។

Pacific Angel រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាល ជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេស ទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ។ បេសកកម្មនេះលើកកំពស់សមត្ថភាពក្នុងការ ផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ក្នុងមហន្តរាយ របស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះ ផ្តល់សេវាចាំបាច់ដល់ប្រជាជន នៅក្នុងតំបន់ទាំងមូល។

នៅប្រទេសកម្ពុជា វិស្វករ មកពីប្រទេសនានា នឹងធ្វើការ លើគំរោងកសាងឡើងវិញ នៅក្នុងសាលាចំនួន៤ ក្នុងមូលដ្ឋាន និងមណ្ឌលសុខភាពចំនួន ២ នៅក្នុងក្រុងកំពត ហើយអ្នកផ្តល់សេវាសុខភាពអន្តរជាតិនឹងចុះផ្តល់សេវាសុខភាព នៅស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត។ ការផ្លាស់ប្តូរខ្លឹមសារមេរៀនឯកទេស រវាង យោធា ទាំងពីរនឹងផ្តោតលើស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការផ្តល់ជំនួយមនុស្សធម៌។ បេសកកម្មនេះនឹងត្រូវបញ្ចប់ជាមួយនឹងពិធីបិទ នៅថ្ងៃទី ២០ ខែមិថុនា។

គួរបញ្ជាក់ថា តាំងពីឆ្នាំ ២០០៧ មក បេសកកម្ម Pacific Angel បានជួយកែលំអជីវិតរស់នៅ របស់ប្រជាជនរាប់ម៉ឺននាក់ នៅទូទាំងតំបន់ ដោយទន្ទឹមនឹងនោះធ្វើយ៉ាងណា ឲ្យបណ្តាយោធា នៅក្នុងតំបន់មានការត្រៀមខ្លួនជាស្រេច ក្នុងការ ធ្វើការជាមួយគ្នា ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌។ នេះជាបេសកកម្ម Pacific Angel លើកទី៤ ហើយដែលបានប្រព្រឹត្តទៅនៅកម្ពុជា៕