(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ភាពស្មោះត្រង់របស់កងទ័ព ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំផ្លាញនូវល្បិចកល ចង់កម្ទេចសន្តិភាព ដែលកម្ពុជាកំពុងមាន ពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ ឱ្យពួកគេទទួលបរាជ័យ និងវិនាស។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសដែលលោកបានបន្តនាំយកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បណ្តាអង្គភាពឈរជើងតាមព្រំដែន ទិសយោធភូមិភាគពិសេស និងកងរាជអាវុធហត្ថខេត្តកណ្តាល-កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍បានបន្ថែមថា សន្តិភាពដែលកម្ពុជាមានដល់សព្វថ្ងៃនេះ គឺវាលំបាកណាស់ ដូច្នេះសូមបន្តចូលការពារ និងរក្សាសុខសន្តិភាព ដែលបានដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជន ផ្សេងៗទៀត ឱ្យនៅគង់វង្ស។ ត្រង់ចំណុចនេះ គឺត្រូវប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយណាដែលមានចេតនាមិនល្អ ទោះក្នុងរូបណាក៏ដោយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងត្រូវតែស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងមេបញ្ជាការរបស់យើង ភាពស្មោះត្រង់ហ្នឹងដែលធ្វើឱ្យយើងមានសុខសន្តិភាព ព្រោះកន្លងមកនេះមានពួកអមិត្ត ជាមច្រើនគេ បានប្រើគ្រប់ឧបាយកល ដើម្បីបំបែកបំបាក់កងទ័ព អូសទាញកងទ័ពគ្រប់រូបភាព ថ្វីត្បិតតែពួកគេមានឧបាយកល អូសទាញជាច្រើនករណីពិតមែន ប៉ុន្តែ កងទ័ពរបស់យើងមានភាពស្មោះត្រង់ណាស់ ជាមួយប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលធ្វើឱ្យពួកនោះមិនអាចបំបែកបំបាក់ និងអូសទាញកងទ័ពយើងបាន»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា តាមរយៈពេលស្មោះត្រង់ឥតងាករេពីសំណាក់កងទ័ព ចំពោះសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ ទាំងនេះជាកត្តាមួយយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ ដូច្នេះ សូមកងទ័ពទាំងអស់បន្តស្មោះត្រង់ចំពោះសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមចំណែកការពារសុខសន្តិភាពបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បន្ថែមទៀតថា៖ «ការសាមគ្គីភាព ឯកភាពគ្នា ជាកត្តាមួយសំខាន់ខ្លាំងណាស់ យើងចាប់ផ្តើមសាមគ្គីគ្នា តាំងពីក្នុងអង្គភាពតូច រហូតដល់ទូទាំងកងទ័ពយើង រហូតទូទាំងប្រទេសយើង ការសាមគ្គីគ្នានេះ ខ្ញុំគិតថា បើទោះបីគេមានមហិច្ចតាយ៉ាងណា ក៏គេមិនអាចបំផ្លាញសុខសន្តិភាពបានដែរ»

ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានបញ្ជាក់ច្បាស់ៗថា «កងទ័ពនៃយោធភូមិពិសេសទាំងអស់ ប្តេជ្ញាស្មោះត្រង់ ជឿជាក់ឥតងាករេ លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងគាំទ្រការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយគិតបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងបន្តបោះឆ្នោតគាំទ្រ សម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ព្រមទាំងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនាពេលអនាគត»