(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាភាពជាដៃគូ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ មកពីប្រទេសឥណ្ឌូនេស៊ី។ ការចុះហត្ថលេខានេះធ្វើឡើងក្នុងគោលដៅសំខាន់ផ្លាស់ប្ដូរការសិក្សា ក៏ដូចជាផ្លាស់ប្ដូរ សាស្រ្តាចារ្យ និងនិស្សិតរវាងគ្នាទៅវិញទៅមក។

គ្រឹះស្ថានឧត្តមសិក្សាទាំង៤ ដែលមកពីប្រទេសឥណ្ឌូនេស៊ី រួមមាន៖ UMIKA, STIE Tribuna, STMIK Ganesha និង STIES Mikar។

ក្នុងឱកាសចុះហត្ថលេខាភាពជាដៃគូនេះ លោក តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានលើកឡើងថា ភាពជាដៃគូនេះ គឺមានសារប្រយោជន៍ជាច្រើន សម្រាប់វិទ្យាស្ថាន សាស្រ្តាចារ្យ ជាពិសេស គឺសិស្សនិស្សិតនៃប្រទេសទាំងពីរ។

លោកបានបញ្ជាក់ថា សិស្ស និងសាស្រ្តាចារ្យ នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត អាចផ្លាស់ប្ដូរទៅសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំង៤ ហើយភាគីសាស្រ្តាចារ្យ និងសិស្សនិស្សិតនៃសាលាទាំង៤ របស់ឥណ្ឌូនេស៊ី ក៏អាចផ្លាស់ប្ដូរមកសិក្សានៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ ដោយមានការទទួលស្គាល់នូវសញ្ញាបត្រត្រឹមត្រូវ។

ក្នុងឱកាសចុះហត្ថលេខាភាពជាដៃគូនេះ តំណាងភាគីសាកលវិទ្យាល័យឥណ្ឌូនេស៊ីទាំង៤ បានបង្ហាញភាពរីករាយ ចំពោះកិច្ចសហការភាពជាដៃគូនេះផងដែរ។ តំណាងភាគីសាកលវិទ្យាល័យទាំង៤ ក៏បានបង្ហាញការស្វាគមន៍ និងរង់ចាំទទួលសាស្រ្តាចារ្យ ជាពិសេសសិស្ស និស្សិតរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ទៅសិក្សានៅសាកលវិទ្យាល័យរបស់ខ្លួន ដើម្បីទទួលបានការពង្រឹងសមត្ថភាព ទទួលសញ្ញាបត្រ និងឈានទៅការទទួលបានការងារដែលមានប្រាក់ចំណូលល្អប្រសើរ ក្នុងពេលអនាគត៕