(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្តីពីការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអសោភ័ណភាពអនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

តាមរយៈសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះសីហនុ បានការណែនាំដូចខាងក្រោម៖

ទី១៖ រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវចុះផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន ម្ចាស់ដីឡូតិ៍ឱ្យសំអាតអនាម័យបរិស្ថាននៅមុខទីតាំង និងលំនៅដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ។

ទី២៖ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋ ត្រូវរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអបំភ្លឺភ្លើងពណ៌ និងស្នើបើកភ្លើងបំភ្លឺពីមុខផ្ទះ ទីស្នាក់ការក្រុមហ៊ុន អគារសាធារណៈ អគារឯកជន និងតាមទីតាំងអាជីវកម្មឆ្នេរខ្សាច់កម្សាន្តឱ្យបានព្រមៗគ្នាចាប់ពីពេលនេះតទៅ។

ទី៣៖ រដ្ឋបាលក្រុង ស្រុក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់អាជីវកម្មតាមឆ្នេរ ក្រុមហ៊ុនប្រមូលសំរាម KSWM និងប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាត និងថែទាំឆ្នេរឱ្យបានល្អ និងមានសោភ័ណភាព។

ទី៤៖ មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកដល់មហាជន ប្រជាជន និងអ្នកយកព័ត៌មានអំពីអត្ថន័យខ្លឹមសារ និងសកម្មភាពនៃព្រឹត្តិការណ៍ទាំងពីរខាងលើ។

ទី៥៖ អាជ្ញាធរក្រុង ស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ មហាជន និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្សាន្តសប្បាយប្រកបដោយសុខដុមនីយកម្ម៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ៖