(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា ដែលជាអ្នកទទួលបន្ទុកជួយសម្របសម្រួលកិច្ចការងារពិការភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលគេតែងតែឃើញថាចេះតែឈឺឆ្អើរអំពីការងារពិការភាពនោះ បានថ្លែងថា៖ បើទោះបើជាមតិសាធារណៈជនមួយចំនួនតូចមិនពេញចិត្ត នឹងចំណាត់ការយើងក៏ដោយក៏យើងបេ្តជ្ញាចិត្តខំប្រឹង មិនឲ្យជនពិការឲ្យក្លាយទៅជាជនរងគ្រោះ និងជាអ្នកសុំទានជាដាច់ខាត!

ការថ្លែងបែបនេះគឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងជនពិការ ដែលតែងតែច្រៀងតាមទីសាធារណៈជាមួយតំណាងម្ចាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍នានា ព្រមជាមួយតំណាងអង្គការសង្គលស៊ីវិលជាច្រើននាក់ នាទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

អគ្គលេខាធិការវ័យក្មេងរូបនេះបានថ្លែងយ៉ាងដូច្នេះថា «ពេលខ្លះដោយសារភាពអាណិតអាសូរដល់ប្អូនជនពិការ ទើបបងប្អូនប្រជាពលរដ្ឋទូទៅលោកដាក់ទានដល់ជនពិការ ដើម្បីបានប្រាក់កម្រៃទៅទទួលទាននិងចិញ្ចឹមជីវិត ព្រមទាំងផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋយើងលោកឈប់ធ្វើទានបែបនេះ ហើយប្រែជាការផ្តល់ឱកាសដល់បងប្អូនជនពិការយើងបានសម្តែងសមត្ថភាព ឬប្រគុំតន្ត្រីនៅតាមកម្មវិធីនានា ដូចជា៖កម្មវិធីខួបកំណើត កម្មវិធីឡើងគេហដ្ឋាន កម្មវិធីផ្សេងៗនោះជាការប្រសើរជាង»។

លោក ឯម ច័ន្ទមករា បានធ្វើការអំពាវនាវដល់តំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍នានាដើម្បីជួយពិនិត្យលទ្ធភាពដល់ការជ្រើសរើសជនពិការឲ្យបានចូលបម្រើការងារ នៅតាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍នានា ពិសេសផ្តល់ឱកាសដល់សិល្បៈករ សិល្បៈការី ដែលជាជនពិការបានទៅសម្តែងសមត្ថភាពនៅតាមកម្មវិធីសិល្បៈនានា នៅតាមបណ្តាលស្ថានីយ៍ទូរទស្សន៍ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការជួយបង្ហាញអំពីសមត្ថភាពរបស់សិល្បៈករជាជនពិការ ដល់សាធារណៈជនបានយល់ជ្រួតជ្រាតអំពីជំនាញផែ្នកសិល្បៈដែលជនពិការក៏អាចសម្តែងបាន។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ក៏បានអំពាវនាវដល់សង្គមស៊ីវិលឲ្យជួយផ្សព្វផ្សាយអំពីការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនពិការដល់សាធារណៈជន ក៏ដូចជាចូលរួមកាត់បន្ថយការរើសអើងចំពោះជនពិការគ្រប់ប្រភេទ ហើយបញ្ជៀបការយល់ដឹងអំពីសមត្ថភាពជនពិការ ជៀសវាងការរើសអើងបង្កប់ដោយអបិយជំនឿមិនល្អអំពីជនពិការ ដោយប្រែក្លាយពីការផ្តល់អំណោយទានបែបបរិចាគថវិកាសប្បុរសធម៌ ទៅជាការលើកទឹកចិត្តឲ្យជនពិការបានចូលបម្រើការងារតាមក្រសួងស្ថាប័ន និងវិស័យឯកជននានាវិញជាជម្រើសដែលមាននិរន្តភាពជាង។

លោក ឯម ច័ន្ទមករា ក៏បានបេ្តជ្ញាចិត្តដើម្បីស្នើទៅប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ដើម្បីអនុញ្ញាតិជ្រើសរើសជនពិការ ពិសេសជនពិការដែលតែងប្រើប្រាស់អាជីពប្រគុំតន្ត្រីតាមទីសាធារណៈនោះឲ្យបានចូលទៅបម្រើការងារជាមន្ត្រីរាជការបើទោះក្នុងក្របខណ្ឌរដ្ឋ ឬក្នុងក្របខណ្ឌជាបុគ្គលិកបណ្តែតរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការក៏ដោយ។

គួរបញ្ជាក់ផងដែរថា កន្លងមកគេបានឃើញសកម្មភាពដ៏សកម្មរបស់អគ្គលេខាធិការវ័យក្មេងរូបនេះ ជាមួយក្រុមការងារបានចុះទៅជួបប្រជុំជាមួយតំណាងស្ថានីយ៍វិទ្យុនិងទូរទស្សន៍នានា ដើម្បីឲ្យមានការគិតគូរបញ្ចូលជនពិការទៅក្នុងកម្មវិធីសិល្បៈនៃស្ថានីយ៍ទូរទស្សន៍និមួយៗ ហើយបើតាមគម្រោងនាពេលខាងមុខនេះ គឹអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនឹងជួបប្រជុំជាមួយតំណាងវិស័យឯកជនានាផ្សេងទៀតក្នុងគោលបំនងដើម្បីជំរុញអត្រាជ្រើសរើសជជនពិការឲ្យចូលបម្រើការងារក្នុងវិស័យរដ្ឋនិងឯកជនឲ្យបានគ្រប់ភាគរយតាមការងារកំណត់។