(ភ្នំពេញ)៖ បើលោកអ្នកធ្វើដំណើរកាត់ផ្លូវលេខ៣១០ ជាប់សលារៀនភាសាចិនទួនហ្វា និងផ្សារលូ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ ចំការមននោះ លោកអ្នកនឹងដឹងថា វាស្ទះផ្លូវខ្លាំងណាស់ គឺស្ថានភាពបែបនេះកើតឡើង ជារៀងរាល់ថ្ងៃតែម្តង ប៉ុន្តែអាជ្ញាធរទាំងមូលដ្ឋាន និងថ្នាក់ខណ្ឌមិនដែលមានដំណោះស្រាយនោះទេ។

ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវលេខ៣១០ ដែលជួបស្ថានភាពបែបនេះ បានសំណូមពរឲ្យអាជ្ញាធរ ចុះពិនិត្យមើលស្ថានភាពរំលោភ ចិញ្ចើមផ្លូវ ពីសំណាក់អាជីរករ និងសាលារៀន ដែលយកចិញ្ចើមផ្លូវ ដាក់តាំងលក់ទំនិញធ្វើ ឲ្យផ្លូវចង្អៀតស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ លើសពីនេះទៅទៀតខាងសាលាទួនហ្វា បានយកចិញ្វើមផ្លូវខាងលើធ្វើជាកន្លែងផ្ញើកង់ម៉ូតូផងដែរ។

ប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាមានការយកលុយដាក់ខែ ពីក្រុមអាជីវករទើបអនុញ្ញាតឲ្យមានការរំលោភយកចិញ្ចើមផ្លូវ ដាក់តាំងលក់ និងផ្ញើកង់ម៉ូតូ។ ទាក់ទងនិងបញ្ហាខាងលើនេះ អភិបាលខណ្ឌចំការមន លោក ព្រំ សំខាន់ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា «រឿងនេះមិនមានការយកលុយពីក្រុមអាជីវករទេ ផ្ទុយទៅវិញ ខ្ញុំតែងតែជួយសម្រួលបញ្ហា នៃការកកស្ទះជារៀងរាល់ថ្ងៃ ដោយបានដាក់ កម្លាំងសន្តិសុខប្រចាំខណ្ឌ នៅចាំជួយសំរួលចរាចរណ៍ទៀតផង»។ ដើម្បីឆ្លើយតប និងបញ្ហាកកស្ទះចរាចរណ៍នេះ លោក ព្រំ សំខាន់ បានសន្យាថា នឹងធ្វើការបន្ថែមកម្លាំង និងចុះធ្វើការដោះស្រាយនេះ៕