(ភ្នំពេញ)៖ លោក ប្រាក់ ច័ន្ទតារា អគ្គនាយករង នៃក្រសួងទេសចរណ៍ តំណាងឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានទទួលជួបពិភាក្សាជាមួយលោក Mai Tien Dung អគ្គនាយកមន្ទីរពេទ្យអន្តរជាតិ Phuc An Khang (IPAK) នៃប្រទេសវៀតណាម នាទីស្នាក់ការ NOCC ក្នុងគោលបំណងស្នើ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍ ជាពិសេសដើម្បីជំរុញឱ្យមានសេវាកម្ម ទេសចរសុខភាព នៅពេលណាដែលប្រជាជនកម្ពុជា ធ្វើដំណើរទៅលេងកម្សាន្ត និងពិនិត្យព្យាបាលជំងឺនៅវៀតណាម។

ថ្លែងក្នុងកិច្ចពិភាក្សានេះ លោក ប្រាក់ ច័ន្ទតារា បានលើកឡើងថា «នៅឆ្នាំ២០១៥ កម្ពុជាបានទទួលភ្ញៀវទេសចរជិត៥លាននាក់ ក្នុងនោះមានភ្ញៀវវៀតណាមជិត១លាននាក់ផងដែរ ហើយភ្ញៀវទេសចរកម្ពុជា ដែលចេញទស្សនានៅវៀតណាម មានចំនួន៤៥ម៉ឺននាក់។ ម្យ៉ាងទៀតភ្ញៀវដែលទៅវៀតណាមនោះ ភាគច្រើនទៅពិនិត្យ និងព្យាបាលសុខភាពផង នេះក៏ដោយសារ នៅប្រទេសវៀតណាម ការព្យាបាលទទួលបានលទ្ធផលល្អ នៅជិតជាងប្រទេសដទៃ និងតម្លៃព្យាបាលសមរម្យ ដូច្នេះហើយ ទើបក្រសួងទេសចរណ៍ សុំជំរុញរាល់ការបម្រើសេវាកម្ម ទេសចរសុខភាពនានា ដល់ប្រជាជនកម្ពុជា ដែលទៅលេងកម្សាន្ត និងព្យាបាលជំងឺនៅទីនោះ ព្រមទាំងចូលរួមសហការជាមួយមន្ទីរពេទ្យអន្តរជាតិ Phuc An Khang រាល់កិច្ចផ្សេងៗ ក្នុងការយកចិត្តទុកដាក់ ចំពោះសុខភាពភ្ញៀវទេសចរកម្ពុជាទាំងអស់»

ឆ្លើយតបនឹងការលើកនេះ លោក Mai Tien Dung បានឱ្យដឹងថា «ដោយមានការយកចិត្តទុកដាក់ចូលរួមសហការពីភាគីកម្ពុជា ខាងមន្ទីរពេទ្យអន្តរជាតិ Phuc An Khang នឹងខិតខំផ្ដល់នូវសេវាកម្មឱ្យបានល្អ ដល់ភ្ញៀវទេសចរកម្ពុជា ដែលបានទៅសម្រាកពិនិត្យ និងព្យាបាលនៅទីនោះ»។ លោកបានបន្តថា នៅក្នុងមន្ទីរពេទ្យអន្តរជាតិ Phuc An Khang មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប បរិក្ខាទំនើបៗ មានម៉ាស៊ីនពិនិត្យដឹងបញ្ហាសុខភាពមុន បច្ចេកវិទ្យាព្យាបាលរោគស្រ្តី កុមារ មនុស្សចាស់ជរាទំនើបឈានមុខគេ ពិសេសមានទទួលជួយសង្គ្រោះមនុស្ស ដែលមានស្ថានភាពធ្ងន់ធ្ងរ ព្យាបាលក្នុងរយៈពេលខ្លី គ្មានការឈឺចាប់ មិនចាំបាច់វះកាត់ ពិសេសការព្យាបាល បែបស្តង់ដាអន្តរជាតិពិតៗ និងមានតម្លៃសមរម្យ។

ក្នុងនោះដែរ សហការីមន្ទីរពេទ្យ IPAK ក៏បានធ្វើបទបង្ហាញពីជំនាញដែលមន្ទីរពេទ្យទទួលពិនិត្យ ព្យាបាលសុខភាពនានា រួមមាន៖ ជំងឺរោគស្រ្តី ជំងឺកុមារ បញ្ហាត្រចៀក ច្រមុះ បំពង់ក ធ្មេញ ផ្ទៃមុខ ថ្លើម បេះដូង សរសៃឈាម ជំនាញកែសម្ផស ទទួលព្យាបាលអ្នកដែលមានអាការធ្ងន់ធ្ងរ និងទទួលពិនិត្យ ព្យាបាលបញ្ហាសុខភាពជាច្រើនទៀត ពិសេសមានទទួលព្យាបាលបញ្ហាដុះសាច់ក្នុងស្បូន ព្យាបាលក្នុងរយៈពេលខ្លី ដោយប្រើម៉ាស៊ីនបាញ់កាំរស្មីឡាស៊ែរ មិនចាំបាច់វះកាត់ គ្មានការឈឺចាប់ ធានាសុវត្ថិភាព១០០ភាគរយ។ ម្យ៉ាងទៀត ដើម្បីជួយសង្គ្រោះអ្នកជំងឺទាំងឡាយណា ដែលទៅពិនិត្យព្យាបាលឱ្យបានទាន់ពេលវេលា នៅមន្ទីរពេទ្យមានបម្រើសេវាកម្ម២៤ម៉ោងលើ២៤ម៉ោង ផងដែរ។

សូមជម្រាបថា មន្ទីរពេទ្យអន្តរជាតិ Phuc An Khang មានទីតាំងនៅខណ្ឌ២ ទីក្រុងហូជីមិញប្រទេសវៀតណាម និងអាចទាក់ទងតាមរយៈលេខទូរស័ព្ទ (+៨៤) ៨៣៧ ៤០០ ០០០, តាមរយៈអ៊ីមែល [email protected] និងវេបសាយ www.ipak.vn៕