(ភ្នំពេញ)៖ លោក​ ប៉ឹល​ កុសល​ អភិបាលខណ្ឌសែនសុខ​នៅថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០១៦នេះ បានរៀបចំប្រារព្ធទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភពលោក៥​មិថុនា​ ក្រោមប្រធានបទ​ «ចូលរួមទាំងអស់គ្នា​ ដើម្បីពិភពលោកស្រស់ស្អាត»​ ក្នុងសាលាខណ្ឌសែនសុខ។  

ការប្រារព្ធទិវានេះក៏មានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ​ សមាជិកាក្រុមប្រឹក្សាខណ្ឌ​ នាយកសាលា​ ការិយាល័យ​ពាក់ព័ន្ធ​និងមន្រ្តី ខណ្ឌ​ជាច្រើននាក់ទៀត។ នៅថ្ងៃនេះលោកអភិបាលខណ្ឌ បានរៀបចំត្រៀមដើមឈើ ចំនួន​៥០០​ដើម​សម្រាប់ចែកជូនតាមបណ្តាសាលា រៀន ក្នុងខណ្ឌទាំងអស់ ​ដើម្បីដាំទុកសម្រាប់លំអសោភ័ណ្ឌភាពបរិស្ថាន ក្នុងខណ្ឌ និងចូលរួមសម្អាតបរិស្ថានតាមរយៈ ការដើររើសសម្រាម តាមទីធ្លាវត្តអារាម​ សាលារៀន​ និងតាមផ្សារនានា ក្នុងខណ្ឌផងដែរ៕​