(ស៊ីដនី)៖ មនុស្សបួននាក់បានស្លាប់ និងបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីខ្យល់ព្យុះដ៏កំណាចមួយ បានវាយប្រហារភាគខាងកើតប្រទេសអូស្ត្រាលី បានបង្កជាទឹកជំនន់ និងខូចខាត ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦។

ការវាយប្រហារដោយព្យុះ នៅតំបន់ឆ្នេរភាគខាងកើតនោះ បានបណ្តាលឲ្យរលកទឹកសមុទ្រកើនឡើង និងវាយប្រហារឆ្នេរភាគខាងជើងទីក្រុងស៊ីដនីប្រវែង ៥០ម៉ែត្រ ឲ្យខូចខាតទាំងស្រុងតែម្តង។ សំណង់អគារនៅតាមឆ្នេរសមុទ្រ ដែលមានតម្លៃរាប់សិបលានដុល្លារ កំពុងតែទទួលរងការគំរាមកំហែងយ៉ាងដំណំផងដែរ។

ព្យុះបានវាយប្រហារចាប់តាំងពីថ្ងៃសៅរ៍ និងអាទិត្យសប្តាហ៍មុននេះមកម្ល៉េះ ហើយសម្រាប់យប់ថ្ងៃអង្គារ នេះវិញ ផ្នែកព្យាករណ៍អាកាសធាតុនៃសកលវិទ្យាល័យ New South Wales បានឲ្យដឹងថា រលក ធំៗនឹងបន្តវាយប្រហារមកលើឆ្នេរភាគខាងកើតប្រទេសបន្ថែមទៀត។ ប្រជាជនរាប់ម៉ឺននាក់ត្រូវបាន អាជ្ញាធរប្រាប់ ឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត៕