(អាមេរិក)៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែល​ក្រុម Hacker បាន​ទម្លាយនូវលេខសម្ងាត់គណនី បណ្ដាញ​សង្គមរបស់ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ខណៈដែល​មហាសេដ្ឋីវ័យ​ក្មេង​រូបនេះ កំពុងតែ​ពង្រីកឥទ្ធិពលរបស់ខ្លួន ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។

ក្រុម Hacker ហៅខ្លួន​ឯងថា OurMine បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា គណនី Twitter, Instagram, LinkedIn និង Pinterest របស់លោក Mark Zuckerberg ត្រូវបានពួកគេ Hack ចូល និងបានបង្ហោះសារនៅ​លើ គណនីផ្ទាល់ខ្លួនរបស់ Mark Zuckerberg ថែមទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ក្រុម Hacker បានទម្លាយនូវពាក្យសម្ងាត់របស់លោក Mark Zuckerberg ប្រើ​ប្រាស់នៅលើបណ្ដាញសង្គមថែមទៀតផង ដោយបានបញ្ជាក់ថា «dadada» គឺជាពាក្យសម្ងាត់ដែលមេធំ Facebook រូបនេះ និយមប្រើ ទាំងនៅលើ Twitter និង LinkedIn។

គួរបញ្ជាក់ផងដែរថា គណនី Twitter និង Pinterest របស់លោក Mark Zuckerberg មិនបានបង្ហោះអ្វីសូម្បីតែ​បន្តិច តាំងឆ្នាំ២០១២៕