(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាច្រើននាក់ ដែលធ្លាប់ចេញចូលទៅទិញទំនិញ នៅក្នុងផ្សារ​តាខ្មៅបាននិយាយថា ពួកគាត់សព្វថ្ងៃ មិនចង់ទៅទិញទំនិញ​នៅផ្សារក្រុងតាខ្មៅ​ទៀតទេ ប៉ុន្តែដោយ​សារតែ​ទ័លច្រក មិនមានពេលវេលាច្រើន សម្រាប់ទៅផ្សារផ្សេងទៀតទើបបានជាបង្ខំចិត្តទៅ។ ការមិនចង់ចូលនៅក្នុងផ្សារនោះ ក៏ព្រោះតែផ្សារតាខ្មៅនេះ ពោរពេញ​ទៅ​ដោយចោរលួច​កាច់កម៉ូតូ ចោរឆក់ និងចោរលូកហៅប៉ៅ ធ្វើឲ្យពួកគាត់ទៅផ្សារម្តងៗ មាន​ការព្រួយ​បារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។ ចំណែកនគរបាល ឬប្រជា​ការពារ និងសន្តិសុខផ្សារវិញ គេ​សង្កេត​ឃើញ​​ដាក់កម្លាំងរាយនៅស្ទើរតែគ្រប់កន្លែងទាំងអស់ ប៉ុន្តែក្រុមចោរទាំងនេះ ​នៅតែធ្វើសកម្មភាពហើយ​គេចខ្លួនបានយ៉ាងងាយបំផុត។

ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកណ្តាល និងមកពី​បណ្តាខេត្តផ្សេងៗ ធ្លាប់មកទិញទំនិញនៅផ្សារ​ក្រុងតាខ្មៅ ហើយធ្លាប់ចោរលួចទ្រព្យសម្បត្តិរបស់ពួកគាត់នោះបាននិយាយថា ផ្សារតាខ្មៅគឺជាផ្សារ មួយមានទំនិញច្រើនប្រភេទ ហើយពួកគាត់អាចទិញយកទៅលក់បន្ត និងចំណេញបានកំរៃខ្លះផងដែរ ប៉ុន្តែវាធ្វើឲ្យពួកគាត់ភ័យខ្លាចដោយសារតែសន្តិសុខនៅក្នុងផ្សារនេះ វាមិនមានគ្រប់គ្រាន់​សម្រាប់​ពួកគាត់ចូលមកទិញ ទើបពួកគាត់ចំណាយសោហ៊ុយច្រើនបន្តិច ទៅរកផ្សារណាដែលមានសន្តិសុខ ពួកគាត់​ដើរទិញទំនិញមិនខ្វល់និងទ្រព្យសម្បត្តិខ្លួនឯងនោះ។

ប្រជាពលរដ្ឋបានបន្តថា ផ្សារក្រុង​តាខ្មៅ​បើនិយាយរឿងសន្តិសុខវាមិនមាននោះទេ តែបើនិយាយពី​ចោរលួច កាច់កម៉ូតូ ចោរឆក់ និងចោរលូកហោប៉ៅ គឺគួរឲ្យព្រឺសម្បុរព្រោះវាកើតឡើងជារៀងរាល់ថ្ងៃ​មិនដែលលោះ១ថ្ងៃណាឡើយ។ ពួកគាត់រំពឹងថា សមត្ថកិច្ច នឹងខិតខំពង្រឹងសន្តិសុខបន្ថែមនៅក្នុងប​រិវេណផ្សារតាខ្មៅទាំង២ឲ្យកាន់មានសន្តិសុខគ្រប់គ្រាន់ជាក់ជាមិនខាន៕