(កណ្តាល)៖ មន្ទីរ «សម្ភពសុខាបញ្ញា» មានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលវះកាត់អ្នកជំងឺបណ្តាលឲ្យស្លាប់កាលពីពេល ថ្មីៗនេះ បាននិងកំពុងប្រឈមលើការស៊ើបអង្កេត របស់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ លោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីសុខាភិបាល នគរបាលជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជុំវិញការស្លាប់របស់ស្ត្រីឈ្មោះ ឆែម អាត អាយុ៥៨ឆ្នាំ បន្ទាប់ពីធ្វើការវះកាត់បាន៤ថ្ងៃ។

ស្រ្តីរងគ្រោះកើតជំងឺពោះវៀនដុះខ្នែង ហើយត្រូវបានសាច់ញាតិ នាំយកទៅវះកាត់ នៅមន្ទីរសម្រាកព្យាបាល ក្រុងតាខ្មៅមួយនេះ ស្រាប់តែបានស្លាប់កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។ លោក សម ឫទ្ធីវាសនា បានប្រាប់អ្នកយកព័ត៌មានថា លោកចុះមកនេះ គឺដើម្បីពិនិត្យស្រាវជ្រាវឱ្យដឹងថា តើអ្នកជំងឺស្លាប់ដោយសារ ជំងឺខ្លួនឯង ឬក៏ដោយសារមកពីបច្ចេកទេស។

លោកបានបញ្ជាក់ថា «យើងក៏ពិនិត្យពីអាជ្ញាប័ណ្ណ ហើយក្រោយពិនិត្យ យើងមិនទាន់រកលទ្ធផលឃើញភ្លាមនោះទេគឺទុកឱ្យខាងមន្ទីរ សុខាភិបាលធ្វើការសិនទើបអាចដឹងថា បណ្តាលមកពីមូលហេតុអ្វី»។ លោក សម ឬទ្ធីវាសនា ក៏បានបញ្ជាក់ដែរថា ម្ចាស់មន្ទីរព្យាបាល សម្ភព សុខាបញ្ញាដែលមានឈ្មោះ អ៊ុ ធន ជាម្ចាស់ គឺមានច្បាប់អនុញ្ញាតដែលចេញដោយ ក្រសួងសុខាភិបាលចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ ដែលមានសុពលភាពរយៈពេល៤ឆ្នាំ។

បើតាមលោកព្រះរាជអាជ្ញារង ករណីនេះបើទោះជាគ្រួសារជនរងគ្រោះ បានដកពាក្យបណ្តឹងក៏ពិតមែន ក៏យើងនៅតែបន្តនីតិវិធី ស៊ើបអង្កេតរកមូលហេតុឱ្យឃើញដែរ។ លោក ទូច ឈុន ប្តីស្ត្រីរងគ្រោះបាននិយាយថា ប្រពន្ធរបស់គាត់ បន្ទាប់ពីក្រុមគ្រូពេទ្យ វះកាត់រួច គឺមានសុខភាពធម្មតានោះទេ លុះបាន៤ថ្ងៃក្រោយមក ស្រាប់តែកូនរបស់គាត់បានមកប្រាប់ថា ប្រពន្ធរបស់គាត់មាន អាការៈមិនស្រួល ពេលទៅមើលស្រាប់តែប្រពន្ធរបស់បានស្លាប់បាត់ទៅហើយ។

បើតាមប្តីជនរងគ្រោះ កាលពីក្រុមគ្រូពេទ្យ វះកាត់នោះ គឺមានស្ថានភាពដាច់ពោះវៀនធំ បណ្តាលឲ្យមេរោគជ្រៀតចូលក្នុងខ្លួនហើយ ការបែកពោះវៀនធំនោះ គាត់មិនច្បាស់មូលហេតុនោះទេ ប៉ុន្តែបន្ទាប់ពីប្រពន្ធគាត់ស្លាប់បញ្ជូនមកដល់លំនៅដ្ឋាន ខាងមន្ទីរពេទ្យបាន ជូនក្រុមគ្រួសារគាត់ចំនួន៣០០០ដុល្លារដើម្បីចាត់ចែងនៅក្នុងពិធីបុណ្យផងដែរ។ ចំពោះករណីនេះ ត្រូវបានមជ្ឈដ្ឋានខ្លះ យល់ឃើញថា ទំនងជាក្រុមគ្រូពេទ្យ ពេលលូកកាំបិតវះកាត់នោះ ខុសបច្ចេកទេសជ្រុល បណ្តាលឲ្យមុតដល់ពោះវៀនធំ ទើបធ្លាយពោះរហូតស្លាប់ តែម្តង។ ម្យ៉ាងវិញទៀត បន្ទាប់ពីស្ត្រីខាងលើស្លាប់ ខាងមន្ទីរសម្រាកព្យាបាល បានលុយចំនួន៣០០០ដុល្លារ មកប្រគល់ឲ្យក្រុមគ្រួសារ ស្ត្រីរងគ្រោះផងដែរ នេះសបញ្ជាក់ឲ្យឃើញថា គ្លីនិកប្រាកដជាមានកំហុសខុសឆ្គងលើស្ត្រីរងគ្រោះ ហើយទើបបានជួយជាលុយ បែបនេះ៕